(ម៉ូស្គូ)៖ មហាយក្សចិន និងរុស្ស៊ីបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ឲ្យមានការខាំមាត់សង្កត់ចិត្តនិងផ្អាករាល់សកម្មភាពទាំងឡាយណា ដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ខាងលើធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍ប្រឹក្សាយោបល់ចិន-រុស្ស៊ី លើកទី០៨ ស្តីពីស្ថានការណ៍សន្តិសុខ នៅក្នុងតំបន់អាស៊ីឦសាន ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ដោយមានជំនួយការរដ្ឋមន្រ្តីការបរទេសចិន លោក គង់ ហ្ស័នយូ (Kong Xuanyou) និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក អ៊ីហ្គ័រ ម៉រហ្គូឡូវ (Igor Morgulov) ធ្វើជាសហប្រធាន។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ ចិន និងរុស្ស៊ីបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយនៅតែបន្តជឿជាក់លើ គោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះ។ ម៉្យាងវិញទៀត ប្រទេសទាំងពីរបានអំពាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិចារណាម្តងទៀត ចំពោះវីធីសាស្រ្តផ្លូវពីររបស់ចិន ដែលស្នើឲ្យកូរ៉េខាងជើងផ្អាកសកម្មភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំ អាមេរិក-កូរ៉េខាងត្បូង ក៏ដូចជាមធ្យោបាយជាជំហានៗរបស់រុស្ស៊ី។
ជាមួយគ្នានេះ ចិននិងរុស្ស៊ី ក៏បានបញ្ជាក់ពីជំហរជំទាស់ដដែលផងដែរ ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង៕