(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងលោកស្រី ឃើសចេន នៀលសិន (Kirstjen Nielsen) ជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។ លោកស្រី Nielsen ក៏ជាជំនួយការម្នាក់របស់ប្រធានសេតវិមាន លោក ចន ឃែលី (John Kelly) ផងដែរ។ នេះបើតាមសេតវិមានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
សេតវិមានបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «លោកស្រី Kirstjen Nielsen អាយុ ៤៥ឆ្នាំ ដែលបច្ចុប្បន្នជាអនុប្រធានសេតវិមាន មានសមត្ថភាពនិងបទពិសោធន៍ វិជ្ជាជីវៈខាងគោលនយោបាយសន្តិសុខ យុទ្ធសាស្ត្រ សន្តិសុខព័ត៌មានវិទ្យា និងការដោះស្រាយបញ្ហាបន្ទាន់»។ ការតែងតាំងលោកស្រី Nielsen ជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ ធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា កាលពីថ្ងៃពុធថាលោកស្រីនឹងក្លាយជាជម្រើសរបស់លោក ដូណាល់ ត្រាំ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក ត្រាំ បានបដិសេធអ្នក នយោបាយជាច្រើនសម្រាប់តួនាទីនេះ។
គួរបញ្ជាក់ថា លោកស្រី Kirstjen Nielsen បញ្ចប់ការសិក្សាពីសាលា Georgetown School of Foreign Service និងសាកលវិទ្យាល័យ University of Virginia Law School ហើយ លោកស្រីធ្លាប់បម្រើការងារជាលើកដំបូង ជាមន្ត្រីជាន់ខ្ពស់នៃគោលនយោបាយច្បាប់ សម្រាប់រដ្ឋបាលសន្តិសុខ និងដឹកជញ្ជូន ក្រោមអតីតប្រធានាធិបតីអាមេរិក លោក George W. Bush៕