(ម៉ានីល)៖ ទីក្រុងម៉ូស្គូនឹងប្រគល់កាំភ្លើងវែងប្រភេទ AK-47 ចំនួន ៥,០០០ដើម, រថយន្តដឹកជញ្ជូនយោធាចំនួន ២០គ្រឿង, និងគ្រាប់កាំភ្លើងប្រមាណ ០១លានគ្រាប់ ទៅឲ្យហ្វីលីពីនដោយឥតគិតថ្លៃ ដើម្បីជួយដល់កងទ័ពប្រទេសអាស៊ានមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ព្រមទាំងអំពើហិង្សាជ្រុលនិយមផ្សេងៗ។ នេះបើតាមអះអាងរបស់ស្ថានទូតរុស្ស៊ីនៅទីក្រុងម៉ានីល ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
ការបញ្ជាក់ទទួលស្គាល់ពីការបញ្ជូនសព្វាវុធខាងលើនេះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសហ្វីលីពីន លោក អ៊ីហ្គ័រ ខូវ៉ាអេវ (Igor Khovaev) ដោយលោកបាននិយាយថា ទីក្រុងម៉ូស្គូគាំទ្រយ៉ាងពេញទំហឹងចំពោះទីក្រុងម៉ានីល ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បន្ទាប់ពីកាលពីថ្ងៃពុធម្សិលមិញប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា រុស្ស៊ីនឹងបរិច្ចាគកាំភ្លើងវែងធុន AK-47 Kalashnikov សរុបចំនួន ៥,០០០ដើម ហើយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរែនហ្សាណា (Delfin Lorenzana) បានប្រាប់ក្រុមអ្នកកាសែតថា រុស្ស៊ីក៏នឹងប្រគល់រថយន្តយោធាសម្រាប់ដឹកជញ្ជូន ២០គ្រឿង រួមជាមួយនិងគ្រាប់កាំភ្លើងប្រមាណ ០១លានគ្រាប់ផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Lorenzana សព្វាវុធនិងរថយន្តយោធាទាំងប៉ុន្មាននេះ នឹងត្រូវបានជញ្ជូនមកដល់ហ្វីលីពីន នៅថ្ងៃទី២២ ខែតុលា ហើយប្រគល់ជាផ្លូវការដល់ដៃយោធាហ្វីលីពីននៅថ្ងៃទី២៥ ខែតុលា៕