(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានឱ្យដឹងថា ទីក្រុងប៉េកាំងបានបញ្ជូននាវាបំពាក់មីស៊ីលមួយគ្រឿង យន្ដហោះចម្បាំងពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ទៅព្រមាននាវាពិឃាតអាមេរិក USS Chafee នៅក្បែរទីប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង ក៏បានចោទប្រកាន់ដែរថា សហរដ្ឋអាមេរិកកំពុងបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
ប្រតិកម្មរបស់ក្រសួងការពារជាតិចិន ធ្វើឡើងបន្ទាប់ពីនាវាពិឃាតអាមេរិក USS ‘Chafee បានធ្វើនាវាចរកាលពីថ្ងៃអង្គារ នៅចំងាយ ២៩គីឡូម៉ែត្រ ពីទីប្រជុំកោះផារ៉ាសែល ក្នុងសមុទ្រចិនខាងត្បូងដោយអះអាងថា វាជាប្រតិបត្តិការនៃសេរីភាពធ្វើនាវាចរអន្តរជាតិ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិចិន បានលើកឡើងយ៉ាងដូច្នេះថា «ប្រឈមមុខ នឹងការសកម្មភាពបង្ករឿងច្រំដែល ពីសំណាក់សហរដ្ឋអាមេរិក យោធាចិននឹងពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធនៅថ្ងៃអនាគត នៅឯតំបន់ សមុទ្រ អាកាស ក៏ដូចជាលើកកម្ពស់សមត្ថភាព ការពារដែនអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខចិននៅក្នុងតំបន់»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) ក៏បានកត់សម្គាល់ដែរថា ការធ្វើនាវាចររបស់នាវាពិឃាតអាមេរិក នៅក្នុងតំបន់ជម្លោះ គឺជាការរំលោភបំពានលើច្បាប់ចិន និងអន្តរជាតិ ព្រមទាំងបំផ្លាញអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងគំរាមកំហែង ដល់អាយុជីវិតរវាងយោធានៃប្រទេសទាំងពីរ។
តែយ៉ាងណាក៏ដោយ យោធាអាមេរិកបានច្រានចោលរាល់ការចោទប្រកាន់ ពីទីក្រុងប៉េកាំង ហើយថាខ្លួនកំពុងដឹកនាំបេសកកម្ម បង្ហាញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ តែប៉ុណ្ណោះ៕