(វ៉ាស៊ីនតោន)៖ មហន្តរាយភ្លើងឆេះព្រៃដ៏មហាប្រល័យនៅភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានផ្តាច់ជីវិតមនុស្សកើនដល់ ២១នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
លោក រ៉ប ហ្គីអូដាណូ (Rob Giordano) មន្រ្តីតម្រួតតំបន់ សូណូម៉ា (Sonoma) បានថ្លែងឲ្យក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលអ្នកបាត់ខ្លួន នៅក្នុងតំបន់ Sonoma មានចំនួនដល់ ៥៦០ ហើយនាពេលនេះ។ នៅក្នុងចំណោមអ្នកទាំង ២១នាក់ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នេះ នៅពាសពេញភាគខាងជើងរដ្ឋ ជាពិសេសតំបន់ Sonoma មានចំនួនច្រើនជាងគេ ពោលគឺ ១១នាក់។
គួរបញ្ជាក់ថា មកទល់ពេលនេះគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅខាងលើ បានដុតបំផ្លាញផ្ទៃសរុបប្រមាណ ៦៨,៨០០ហិកតា ហើយកំពុងតែបន្តឆេះនៅក្នុងតំបន់ Sonoma, Napa, Mendocino, និង Mendocion ចាប់តាំងពីប៉ុន្មានថ្ងៃមុនមក។ ជាមួយគ្នានេះ ផ្ទះសម្បែងព្រមទាំងសំណងផ្សេងៗទៀតច្រើនជាង ៣,៥០០ខ្នង ក៏ត្រូវបានឆាបឆេះខ្ទេចខ្ទីរ ដោយសារមហន្តរាយភ្លើងឆេះព្រៃនេះផងដែរ៕