(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy នៅថ្ងៃពុធនេះ បានចោទសួរជាផ្លូវការទៅកាន់មេដឹកនាំកាតាឡាន់ លោក Carles Puigdemon ថាចង់ឬក៏មិនចង់ប្រកាស ឯករាជ្យផ្ដាច់ខ្លួនពីអេស្ប៉ាញ។ ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីរូបនេះ ក៏បានព្រមានដែរថា ទីក្រុងម៉ាឌ្រីត អាចគ្រប់គ្រងតំបន់កាតាឡាន់ដោយផ្ទាល់ តាមរយៈការដំណើរការនិតិវិធីព្យួរ ស្វ័យភាពរបស់តំបន់ស្វយ័តមួយនេះអនុឡោមតាមមាត្រាទី១៥៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោក Mariano Rajoy បានលើកឡើងដូច្នេះថា៖ «រដ្ឋាភិបាលទីក្រុងម៉ាឌ្រីតអាចនឹងអនុម័តរាល់វិធានការទាំងឡាយអនុឡោមតាមមាត្រាទី១៥៥នៃរដ្ឋធម្ម នុញ្ញរបស់យើង ដើម្បីផ្ដល់ជូនប្រជាជននូវភាពច្បាស់លាស់...ហើយនេះគឺជារឿងបន្ទាន់ចាំបាច់ត្រូវតែធ្វើ សំដៅបញ្ចប់ស្ថានភាពដែលកាតាឡាន់កំពុងឆ្លងកាត់ ក៏ដូចជានាំយកមកវិញនូវ សុវត្ថិភាព ភាពសុខសាន្ត និងស្ងប់សុខឱ្យបានឆាប់រហ័សតាមដែលធ្វើទៅបាន»។
គួររំលឹកថា កាលពីថ្ងៃអង្គារ បើទោះជាមានការព្រមានពីអេស្ប៉ាញក៏ដោយ ក៏មេដឹកនាំតំបន់កាតាឡាន់ លោក Carles Puigdemont នៅតែចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ប្រកាស ឯករាជ្យផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញហើយ នៅអំឡុងពេលលោកថ្លែងសារទៅកាន់សភាតំបន់។ ក៏ប៉ុន្តែលោកបានសម្រេចចិត្តផ្អាកការប្រកាសឯករាជ្យជាបណ្ដោះអាសន្នដើម្បីបើកផ្លូវ ស្វែងរកកិច្ចសន្ទនាជាមួយទីក្រុងម៉ាឌ្រីត៕