(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ភ្នំភ្លើងមួយដែលមានឈ្មោះថា ស៊ីនមឺ (Shinmoe) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីបានស្ងប់ស្ងាត់តាំងពីឆ្នាំ២០១១ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃភ្នំភ្លើង សកម្មទាំង៥០ នៅទូទាំងប្រទេសជប៉ុនផងដែរ៕
២៖ យោធាអាមេរិកជាថ្មីម្ដងទៀត បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿង ឱ្យទៅហោះហើរនៅលើដែនអាកាសនៃតំបន់ឧបទ្វីបកូរ៉េ ចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបប្រជុំជាមួយក្រុមមន្ត្រីយោធាកំពូលរបស់លោក ដើម្បីពិភាក្សាថា គួរចាត់វិធានការឆ្លើយតបយ៉ាងដូចម្ដេច ទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង៕
៣៖ អាជា្ញធរអាមេរិកបានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលកំពុងរីករាលដាលពាសពេញភាគខាងជើងរដ្ឋកាលីហ្វរញ៉នៃភាគខាងលិច សហរដ្ឋអាមេរិកបានកើនដល់ ១៧នាក់ហើយ ខណៈមនុស្សច្រើនជាង ១៥០នាក់ ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនរីឯមនុស្សរាប់រយនាក់ទៀត ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួស៕
៤៖ យន្តហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិក នាថ្ងៃពុធនេះទំនងជាបានធ្លាក់ នៅភាគខាងត្បូងនៃកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ចំពោះមុខការត្រៀមធ្វើសមយុទ្ធ ទប់ទល់នឹងកូរ៉េខាងជើង៕
៥៖ កន្លែងភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ ពុំអាចទៅដល់ដោយមិនប្រើប្រាស់ ថាមពលនុយក្លេអ៊ែរបានឡើយ។ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិងកំពុងប្រើប្រាស់សារធាតុអ៊ីសូតូ (Isotobe) ម៉្យាងមានឈ្មោះថា «Plutonium-238» ដែលបង្កើតឡើងកាលពីសម័យសង្រ្គាមត្រជាក់ ដើម្បីផ្គត់ផ្គង់ថាមពលដល់បេសកកម្ម ប្រកបដោយមហិច្ឆតាជាច្រើនរបស់ខ្លួន៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានជួបពិភាក្សាជាមួយមេបញ្ជាការយោធាកំពូលៗរបស់លោក ស្តីពីវិធានការផ្សេងៗពាក់ព័ន្ធនឹងបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។