(តូក្យូ)៖ យន្តហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិក នាថ្ងៃពុធនេះទំនងជាបានធ្លាក់ នៅភាគខាងត្បូងនៃកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ចំពោះមុខការត្រៀមធ្វើសមយុទ្ធ ទប់ទល់នឹងកូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo News និង Okinawa Times អាជ្ញាធរក្នុងតំបន់កើតហេតុ កំពុងតែស៊ើបអង្កេតទៅលើហេតុការណ៍គ្រោះថ្នាក់នេះ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥៖៣៥នាទីល្ងាចថ្ងៃពុធនេះ (ម៉ោងនៅតូក្យូ) ហើយវាមិនទាន់ច្បាស់នៅឡើយទេថា តើការធ្លាក់យន្តហោះដែលត្រូវបានរាយការណ៍នេះ បានបណ្តាលឲ្យមានមនុស្សរងគ្រោះ និងការខូតខាតអ្វី ឬអត់នោះ។
ដោយឡែកនៅថ្ងៃដដែលនេះ ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានឲ្យដឹងដែរថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិក Ronald Reagan បានធ្វើសមយុទ្ធជាមួយនឹងកងនាវាចម្បាំង នៅក្នុងផ្លូវទឹកជុំវិញកោះ Okinawa៕