(វ៉ាស៊ីនតោន)៖ អាជា្ញធរអាមេរិកបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលកំពុងរីករាលដាលពាសពេញភាគខាងជើងរដ្ឋកាលីហ្វរញ៉ នៃភាគខាងលិចសហរដ្ឋអាមេរិកបានកើនដល់ ១៧នាក់ហើយ ខណៈមនុស្សច្រើនជាង ១៥០នាក់ ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនរីឯមនុស្សរាប់រយនាក់ទៀត ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ នេះបើតាមការចេញផ្សាយដោយ ព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរអាមេរិក ចំនួនអ្នកសា្លប់អាចនឹងកើនឡើងច្រើនជាងនេះ ស្របពេលភ្លើងឆេះព្រៃធំចំនួនពីរ បាននិងកំពុងបំផ្លាញព្រៃឈើលើផ្ទៃដីច្រើនជាង ៥២,០០០ ហិចតា នៅតំបន់ ណាប៉ា (Napa) និង សូណូម៉ា (Sonoma) នៃភាគកណ្ដាលរដ្ឋកាលីហ្វ័រញ៉ ហើយនេះអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តំបន់ផលិតស្រានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្លាប់ផលិតបានស្រា ២៥.៧៥លានហិចតូលីត្រ (១ហិចតូលីស្មើនឹង១០០លីត្រ) កាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថា មនុស្សជាង ៣,០០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកសុវត្ថិភាពដដែល ខណៈភ្លើងឆេះព្រៃចំនួន ១៧កន្លែង ដាច់ដោយឡែកពីគ្នា បានឆាបឆេះនៅលើផ្ទៃដីប្រមាណ ៥២,០០០ហិកតា ទូទាំងរដ្ឋកាលីហ្វរញ៉ា ហើយសំណង់នានា រួមមានទាំង ហាង, មន្ទីរពេទ្យ, និងលំនៅឋានយ៉ាងតិច ២,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរាបដល់ដីតែម្តង៕