(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងមធ្យោបាយរារាំងកុំឱ្យអ៊ីរ៉ង់ផលិត ឬទទួលបាន អាវុធនុយក្លេអ៊ែរ បើទោះជាកាលពីខែមុន នាយកទីភ្នាក់ងារឃ្លាំងមើលថាមពលអាតូមិចអន្តរជាតិ IAEA បានអះអាងថា ទីក្រុងតេហេរ៉ង់ កំពុងគោរពតាមបទញ្ញត្តិចែងនៅក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។ នេះបើតាមប្រភពពីសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
សេតវិមានបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ យ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់ពីភាពចំាបាច់ នៃការធ្វើការងាររួមគ្នា ដើម្បីទាញអ៊ីរ៉ង់ឱ្យទទួលខុសត្រូវសកម្មភាពដ៏អាក្រក់ និងការបង្កអសេ្ថរភាព ជាពិសេសគឺការគំាទ្រពួកភេរវករ ព្រមទាំងការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង»។
កិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ត្រាំ និងលោកស្រី May កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក ត្រាំ ត្រូវគេរំពឹងថា នឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ជាមួយមហាអំណាច ៥បូក១ (សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់) នៅក្នុងសប្ដាហ៍នេះ ខណៈលោកមានពេលរហូតដល់ថ្ងៃទី១៥ ខែតុលា បញ្ជាក់ប្រាប់សភាថា កិច្ចព្រមព្រៀងនេះត្រូវអនុវត្តន៍បន្តទៀត ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា បើសិនជាលោក ដូណាល់ ត្រាំ បញ្ចប់កិច្ចព្រមព្រៀងនេះ នោះវាអាចនឹងបើកផ្លូវឱ្យសភាអាមេរិក ដាក់ទណ្ឌកម្មសាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់។ ក៏ប៉ុន្តែ អ្វីដែលគេព្រួយបារម្ភគឺថា ការសម្រេចចិត្តរបស់ លោក ត្រាំ អាចនឹងជះឥទ្ធិពលដល់ជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាទីដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ គាំទ្រភាគីជម្លោះរៀងៗខ្លួន។ ជាងនេះទៅទៀតយោធាអ៊ីរ៉ង់ ក៏បានព្រមានដែរថា អ៊ីរ៉ង់បានត្រៀមវិធានការទាំងអស់នៅលើតុរួចជាស្រេច ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងសហរដ្ឋអាមេរិក៕