(ប៊ែរឡាំង)៖ កាលពីឆ្នាំទៅប្រទេសអ៊ីរ៉ង់ បានធ្វើការព្យាយាមជាច្រើនលើក ដើម្បីទទួលបានដោយខុសច្បាប់ នូវបច្ចេកវិទ្យាមីស៊ីលក៏ដូចជានុយក្លេអ៊ែរ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាមការអះអាងពី បណ្តាញទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១១ ខែ២០១៧។
ការិយាល័យចំនួន ០៣ដា ច់ដោយឡែកពីគ្នា នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាល្លឺម៉ង់ (BND) បានចោទប្រកាន់ទៅលើទីក្រុងតេហេរ៉ង់ថា បានប៉ុនប៉ុងទិញបច្ចេកវិទ្យាចំនួន ៣២លើក ដែលធ្វើឡើង សំដៅបម្រើអត្ថប្រយោជន៍ដល់ កម្មវិធីបន្សាយអាវុធនុយក្លេអ៊ែររបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៦។ យ៉ាងណាមិញសេចក្តីរាយការណ៍នេះ ពុំបានបញ្ជាក់ថា តើសកម្មភាពទាំងបែបណាមួយ ដែលទទួលបានជោគជ័យដែរ ឬក៏អត់ឡើយ។
បណ្តាញចារកម្មអាល្លឺម៉ង់បានបន្ថែមថា អ៊ីរ៉ង់បានប្រើប្រាស់ក្រុមហ៊ុនមួយចំនួនធ្វើជាខែលបិទបាំង នៅក្នុងប្រទេសចិន, តួកគី, និងអេមីរ៉ាត់អារ៉ាប់រួម ដើម្បីគេចពីការដាក់កំហិតទៅលើ កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ-មីស៊ីលរបស់ខ្លួន ដោយរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាច ០៥បូក០១ ដែលត្រូវបានចុះហត្ថលេខា សំដៅបញ្ឈប់កម្មវិធីអាវុធប្រល័យលោករបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។
គួរបញ្ជាក់ថា ក្រៅពីឆ្នាំមុននេះ បើតាមរបាយការណ៍របស់ BND អ៊ីរ៉ង់ក៏បានធ្វើការព្យាយាមប្រមាណ ១៤១លើកផងដែរ ដើម្បីទិញយកបច្ចេកវិទ្យាទាំងនេះ ក៏ប៉ុន្តែកាលនោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មិនទាន់បានចូលជាធរមាននៅឡើយទេ រហូតទាល់តែដល់ខែមករា ឆ្នាំ២០១៦៕