(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានដឹងពីសេចក្ដីរាយការណ៍ដែលថា កូរ៉េខាងជើង បានចូលលួចទិន្នន័យផែនការ នៃប្រតិបត្តិការនៅពេលមានសង្រ្គាមរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែទន្ទឹមគ្នានោះក៏បានធានាដែរថា ព័ត៌មានទាំងនេះមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ការអះអាងខាងលើរបស់មន្ទីរបញ្ចកោណ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រមកពី គណបក្សកាន់អំណាចកូរ៉េខាងត្បូង លោក លី ជឺលហ៊ី (Lee Cheol-hee) បានអះអាងថា ក្រុម Hacker កូរ៉េខាងជើងបាន ចូលលួចទិន្នន័យនៃឯកសារសម្ងាត់យោធាមួយចំនួនកាលពីឆ្នាំមុន ក្នុងនោះរួមមានទាំង «ផែនការកាត់ក្បាលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន» ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក រ៉ប មែនណីង (Rob Manning) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចធានាចំពោះមុខអ្នកទំាងអស់គ្នាថា យើងមានទំនុកចិត្តលើសន្តិសុខ នៃផែនការ
ប្រតិបត្តិការ និងសមត្ថភាពរបស់យើង ក្នុងការដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង... ហើយសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែរឹងមាំជាមួយការប្ដេជ្ញាចិត្តធ្វើឱ្យប្រាកដថា រាល់ព័ត៌មានទាំងអស់មានសុវត្ថិភាព ក៏ដូចជាត្រៀមខ្លួនទប់ទល់នឹងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា បើតាម លោក Lee Cheol-hee ផ្អែកលើប្រភពដែលលោកទទួលបានពីមន្ត្រីយោធាកូរ៉េខាងត្បូង មិនបញ្ចេញឈ្មោះ ក្រុម Hacker កូរ៉េខាងជើងបានលួចទិន្នន័យឯកសារយោធាអស់ ២៣៥ GB ហើយក្នុងនោះមាន ៨០ភាគរយ មិនទាន់កំណត់អត្តសញ្ញាណនៅឡើយ៕