(វ៉ាស៊ីនតោន)៖ កន្លែងភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ ពុំអាចទៅដល់ដោយមិនប្រើប្រាស់ ថាមពលនុយក្លេអ៊ែរបានឡើយ។ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិងកំពុងប្រើប្រាស់សារធាតុអ៊ីសូតូ (Isotobe) ម៉្យាងមានឈ្មោះថា «Plutonium-238» ដែលបង្កើតឡើងកាលពីសម័យសង្រ្គាមត្រជាក់ ដើម្បីផ្គត់ផ្គង់ថាមពលដល់បេសកកម្ម ប្រកបដោយមហិច្ឆតាជាច្រើនរបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា NASA នឹងប្រើប្រាស់សារធាតុដ៏ចាំបាច់នេះ អស់នៅក្នុងអំឡុង ០៨ឆ្នាំ ខាងមុខទៀត ហើយទោះបីជាក្រសួងថាមពលអាមេរិក កំពុងផលិតវាបន្ថែមក៏ដោយ ប្រការនេះអាចនឹងជះផលប៉ះពាល់ដល់បេសកកម្មធំៗ នាពេលអនាគតរបស់ NASA ដែលពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ជាក់ស្តែងភព និងព្រះច័ន្ទនានា ស្ថិតក្នុងគម្លាតដ៏សែនឆ្ងាយពីភពផែនដី ដែលជារឿយៗនោះគឺនៅដាច់ស្រយាល, ពុំសូវមានពន្លឺ, និងត្រជាក់ខ្លាំង សម្រាប់ឲ្យយានអវកាសណាមួយ ធ្វើដំណើរទៅស្រាវជ្រាវរុករក នៅក្នុងប្រព័ន្ធផ្កាយរបស់យើងបាន។ តែសំណាងល្អ យើងមាន Plutonium-238 ជាទម្រង់សារធាតុវិទ្យុសកម្ម ដែលកម្តៅរបស់វា អាចបំឡែងទៅជាចរន្តអគ្គិសនីបាន។ នៅពេលដែលដាក់ទៅក្នុងឧបករណ៍ផ្គត់ផ្គង់ថាមពលម៉្យាងហៅថា RPS សារធាតុ Plutonium-238 ឬ Pu-238 នេះ អាចរក្សាឲ្យយានបេសកកម្មដ៏អស្ចារ្យភាគច្រើនរបស់អង្គការ NASA បន្តប្រតិបត្តិការបានរាប់ទសវត្សរ៍ឯណោះ ក្នុងទីអវកាស។ តួយ៉ាង Pu-238 នេះហើយ គឺជាហេតុផល នៅពីក្រោយដំណើរផ្សងព្រេងដ៏វែងឆ្ងាយ ពោលគឺប្រមាណ៤០ឆ្នាំ របស់យានអវកាសភ្លោះ Voyager-1 និង Voyager-2។
ដោយឡែក អី្វដែលជាបញ្ហានោះគឺថា សារធាតុ Pu-238 ស្ទើរតែទាំងអស់ ត្រូវបានផលិតឡើងជាចុងក្រោយ កាលពីអំឡុងសម័យសង្រ្គាមត្រជាក់ម្ល៉េះ ហើយវាអាចនឹងអស់នៅក្នុងអំឡុងពេល ០៨ឆ្នាំទៀត។ ទន្ទឹមនឹងនេះ ទោះបីជាក្រសួងថាមពលអាមេរិក កំពុងដុតដៃដុតជើង ដើម្បីបង្កើតសារធាតុភ្លុយតូញ៉ូម យ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា បញ្ហាជាមួយកម្មវិធីនេះ ប្រហែលជាអាចបង្កការរាំងស្ទះដល់សមត្ថភាពរបស់អង្គការ NASA ក្នុងការប្រើប្រាស់ឧបករណ៍ RPS ធ្វើជាប្រភពថាមពល សម្រាប់បេសកកម្មនាពេលអនាគត។
គួរបញ្ជាក់ថា ប្រសិនបើ NASA ជួបប្រទះបញ្ហារឿងផលិតសារធាតុភ្លុយតូញ៉ូម (Plutonium) នេះមែននោះ អនាគតនៃការស្រាវជ្រាវរុករកក្នុងទីអវកាសឆ្ងាយៗ មិនដឹងថានឹង អាចត្រូវស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ សម្រាប់រយៈពេលប៉ុន្មានឆ្នាំឡើយ៕