(សេអ៊ូល)៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលយល់ល្អគួរតែធ្វើយ៉ាងអូសទាញកូរ៉េខាងជើង ឲ្យចូលមកអង្គុយតុចរចា រឿងអាវុធនុយក្លេអ៊ែរឲ្យបានមុន ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ របស់សម្ព័ន្ធទាំងពីរ ដែលគម្រោងនឹងចាប់ផ្តើមនាខែមីនា ឆ្នាំក្រោយ នឹងដុតរោលភាពតានតឹងជាមួយរដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមសម្តីអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
លោក យូន យុងក្វាន (Yoon Young-kwan) ដែលមានតួនាទីជាប្រមុខការទូតកូរ៉េខាងត្បូង កាលពីចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៤នោះ នាថ្ងៃពុធនេះបានលើកឡើងថា បើតាមទស្សនៈរបស់លោកផ្ទាល់ ពេលវេលាដ៏សាកសមនោះ គឺនៅមុនខែមីនា ឆ្នាំ២០១៨ បើសិនសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង មានបំណងចង់បញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យមកចូលតុចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងគ្នានិងគ្នា។
បើតាមលោក Yoon មានការព្យាករណ៍កាន់តែច្រើនថា កូរ៉េខាងជើងប្រហែលត្រូវចំណាយពេលមួយឆ្នាំ ដើម្បីរួមបញ្ចូលមីស៊ីលផ្លោងអន្តរទ្វីប ជាមួយនិងក្បាលគ្រាប់នុយក្លេអ៊ែរ ហើយប្រើប្រាស់វាបាន។ ដូច្នេះវាមានន័យថា ពេលវេលាកាន់តែខើចសម្រាប់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហើយ។ ម៉្យាងវិញទៀត លោក Yoon Young-kwan បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមនៃសមយុទ្ធយោធារួមទ្រង់ទ្រាយធំប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅខែមីនាឆ្នាំក្រោយនេះ ច្បាស់ជានឹងបង្កឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាន់តែតានតឹងជៀសមិនផុតឡើយ ហេតុនេះហើយ ទើបរូបលោកបានលើកឡើងថា ការចរចាគ្នានៅមុនកាលវេលានេះ វាមានសារៈសំខាន់បំផុត៕