(អឺរ៉ុប)៖ ព័រទុយហ្គាល់បានប្រកាសជាផ្លូវការ «ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងជើង» ស្របពេលដែលសហភាពអឺរ៉ុបបានសម្រេច រឹងបន្តឹងទណ្ឌកម្មថែមទៀត ក្នុងគោលបំណងបង្កើនសម្ពាធកាន់តែធ្ងន់ ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ជុំវិញការធ្វើតេស្តមីស៊ីលក៏ដូចជាអាវុធនុយក្លេអ៊ែរ ដោយមិនញញើតកោតក្រែងអន្តរជាតិអ្វីបន្តិចសោះ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
កាលពីខែកក្កដា រដ្ឋាភិបាលព័រទុយហ្គាល់ បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូត និងរាល់ការទាក់ទងផ្លូវការទាំងអស់ ជាមួយទីក្រុងព្យុងយ៉ាង ដើម្បីឲ្យស្របទៅតាមកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការទប់ទល់នឹងសកម្មភាពដ៏គ្រោះថ្នាក់ នៃរបបដឹកនាំកូរ៉េខាងជើង ប៉ុន្តែវាពុំត្រូវបាននរណាដឹង ឬមួយក៏ប្រកាសចេញជាផ្លូវការ ឲ្យពិភពលោកបានដឹង ដូចបណ្តាប្រទេសមួយចំនួនទៀតនោះឡើយ។
ជាមួយគ្នានេះសហភាពអឺរ៉ុប ក៏បានបន្តរឹងបន្តឹងទណ្ឌកម្មរបស់ខ្លួនផងដែរ ប្រឆាំងនឹងកូរ៉េខាងជើង ក្រោមក្របខណ្ឌនៃដំណោះស្រាយលេខ ២៣៧៥ ដែលដាក់ចេញពីក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែមុន ដើម្បីដាក់ពិន័យលើការអភិវឌ្ឍអាវុធប្រល័យលោក របស់រដ្ឋកុម្មុយនិស្តដ៏រឹងទទឹងមួយនេះ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ម៉ិចស៊ីកូ, ប៉េរូ, គុយវែត, និងអេស៉្បាញ បានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ឲ្យត្រឡប់ទៅស្រុកដើមវិញជាបន្តបន្ទាប់ ស្របពេលដែលថៃ និងហ្វីលីពីន បានកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរៀងៗខ្លួន ជាមួយនិងកូរ៉េខាងជើង៕