(សេអ៊ូល)៖ យោធាអាមេរិកជាថ្មីម្ដងទៀត បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿង ឱ្យទៅហោះហើរនៅលើដែនអាកាសនៃតំបន់ឧបទ្វីបកូរ៉េ ចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបប្រជុំជាមួយក្រុមមន្ត្រីយោធាកំពូលរបស់លោក ដើម្បីពិភាក្សាថា គួរចាត់វិធានការឆ្លើយតបយ៉ាងដូចម្ដេច ទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង យន្ដហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿងមានមូលដ្ឋាននៅឯកោះហ្គាំ បានធ្វើការហោះហើរលើដែនអាកាសឧបទ្វីបកូរ៉េ កាលពីយប់ថ្ងៃអង្គារ អមដោយយន្ដហោះចម្បាំងកូរ៉េខាងត្បូង F-15K ចំនួនពីរគ្រឿង។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះចម្បាំង F-15K ពីរគ្រឿងនៃទ័ពអាកាសរបស់យើង បានធ្វើប្រតិបត្តិការហោះហើរកាលពីយប់ថ្ងៃអង្គារ ជាមួយយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ពីរគ្រឿង ដែលបានធ្វើដំណើរមកពីមូលដ្ឋានទ័ពអាកាស អាន់ដឺសិន (Andersen) នៅលើកោះហ្គាំ... យន្ដហោះទម្លាក់គ្រាប់បែកទាំងពីរគ្រឿងនេះ បានចូលក្នុងដែនអាកាសឧបទ្វីបកូរ៉េ (KADIZ) នៅម៉ោងប្រមាណ ២០៖៥០នាទី ដើម្បីធ្វើសមយុទ្ធយោធាទម្លាក់គ្រាប់បែក នៅលើសមុទ្រខាងកើតមុននឹងចូល រួមសមយុទ្ធយោធាដែនអាកាស នៅឯសមុទ្រលឿង ហើយយន្ដហោះទម្លាក់គ្រាប់បែកទាំងនេះ បានចាកចេញពី KADIZ នៅម៉ោង ២៣៖៣០នាទីយប់»។
គួររំលឹកថា កាលពីចុងខែកញ្ញា សហរដ្ឋអាមេរិកក៏ធ្លាប់បានបញ្ជូនយន្ដហោះ B-1B មកកាន់តំបន់ឧបទ្វីបកូរ៉េផងដែរ ខណៈទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងបាញ់ទម្លាក់យន្ដហោះអាមេរិក ដែលហោះក្បែរដែនអាកាសកូរ៉េខាងជើង៕