(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ១៥នាក់ ហើយបានបាត់បង់ជីវិត និងច្រើនជាង ១៥០នាក់ ត្រូវគេរាយការណ៍ថា កំពុងបាត់ខ្លួនស្របពេលដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បានរីករាលដាលពាសពេញភាគខាងជើងរដ្ឋកាលីហ្វរញ៉ ដែលស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរអាមេរិក ករណីមនុស្សស្លាប់ខាងលើ បានកើតមានឡើងនៅក្នុងតំបន់ សូណាម៉ា (Sonama) ០៩នាក់, តំបន់ ណាប៉ា (Napa) ០២នាក់, តំបន់ មិនដូស៊ីណូ (Mendocino) ០៣នាក់, និង តំបន់ យូបាន (Yuba) ម្នាក់ ខណៈមនុស្សលើសពី ១៥០នាក់ផ្សេងទៀត បាននិងកំពុងតែបន្តបាត់ខ្លួននៅក្នុងតំបន់ Sonoma។
គួរបញ្ជាក់ថា មនុស្សជាង ៣,០០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកសុវត្ថិភាពដដែល ខណៈភ្លើងឆេះព្រៃចំនួន ១៧កន្លែង ដាច់ដោយឡែកពីគ្នា បានឆាបឆេះនៅលើផ្ទៃដីប្រមាណ ៤៦,៥០០ហិកតា ទូទាំងរដ្ឋកាលីហ្វរញ៉ា ហើយសំណង់នានា រួមមានទាំង ហាង, មន្ទីរពេទ្យ, និងលំនៅឋានយ៉ាងតិច ២,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរាបដល់ដី តែម្តង៕