(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានជួបពិភាក្សាជាមួយមេបញ្ជាការយោធាកំពូលៗរបស់លោក ស្តីពីវិធានការផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន រដ្ឋមន្រ្តីការពារជាតិ លោក ជីម ម៉ាត់ទីស (Jim Mattis) និងប្រធានអគ្គសេនាធិការចំរុះ លោក ចូសែហ្វ ដាន់ហ្វដ (Joseph Dunford) បានចូលជួបជជែកពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ ជុំវិញជម្រើសនានា ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្កហេតុគ្រប់ទម្រង់ បង្កឡើងដោយកូរ៉េខាងជើង ឬដើម្បីទប់ស្កាត់ទីក្រុងព្យុងយ៉ាង មិនឲ្យបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តដោយអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនឡើងកម្តៅកាន់តែខ្លាំង ចាប់តាំងតែពីប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៦ និងខ្លាំងជាងគេបំផុតរបស់ខ្លួនកាលពីខែមុននេះ។ ចំពោះរយៈពេលនៃអំឡុងខែតុលានេះ គឺជាថ្ងៃខួបនៃការបង្កើតគណបក្សពលកររបស់កូរ៉េខាងជើង ដែលអ្នកវិភាគមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភ អំពីលទ្ធភាពនៃការបង្កហេតុបន្ថែមទៀត ដោយរបបដឹកនាំ លោក គីម ជុងអ៊ុន៕