(បាសេឡូណា)៖ បើទោះជាមានការព្រមានពីអេស្ប៉ាញក៏ដោយ នៅទីបំផុតមេដឹកនាំតំបន់កាតាឡាន់ (Catalonia) លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) បានចុះហត្ថលេខ លើសេចក្ដីថ្លែងការណ៍ប្រកាសឯករាជ្យ ផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញហើយ នៅអំឡុងពេលលោកថ្លែងសារទៅកាន់សភាតំបន់ ក៏ប៉ុន្តែលោកបានសម្រេចចិត្ត ផ្អាកការប្រកាសឯករាជ្យជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវស្វែងរក កិច្ចសន្ទនាជាមួយទីក្រុងម៉ាឌ្រីត។ ការសម្រេចចិត្តបែបនេះ កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ប៉ូលិសអេស្ប៉ាញ អាចនឹងឃាត់ខ្លួន លោក Puigdemont។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលកាតាឡាន់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងក្លាយជាសាធារណរដ្ឋកាតាឡាន់ ដែលជារដ្ឋឯករាជ្យអធិបតេយ្យភាព នីតិរដ្ឋ ប្រជាធិបតេយ្យ និងសង្គម... ក៏ប៉ុន្តែលោកប្រធានាធិបតីបានសម្រេចចិត្ត ផ្អាកការប្រកាសឯករាជ្យ ព្រមទាំងអំពាវនាវឱ្យមានកិច្ចសន្ទនា»។ ការចុះហត្ថាលេខនេះរបស់ លោក Puigdemont ធ្វើឡើងនៅស្របពេលលោក កំពុងប្រឈមមុខនឹងសម្ពាធកាន់ខ្លាំង ពីរដ្ឋាភិបាលអេស្ប៉ាញ រួមទាំងសម្ពាធសេដ្ឋកិច្ច ដោយក្នុងនោះក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ Abertis និងក្រុមហ៊ុនទូរគមនាគមន៍ Cellnex បានប្រកាសថា ពួកគេនឹងដកខ្លួនពី កាតាឡាន់ ទៅកាន់ទីក្រុង ម៉ាឌ្រីត វិញបើសិនជា កាតាឡាន់ ផ្ដាច់ខ្លួនពីអេស្ប៉ាញ។
ជាងនេះទៅទៀត បើកាតាឡាន់ប្រកាសឯករាជ្យមែននោះមានន័យថា តំបន់ស្វ័យនេះនឹងលែងក្លាយជាសមាជិកសហភាពអឺរ៉ុប ក៏ដូចជានឹងធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ហើយរឹតតែពិបាកទៅទៀត គឺពីពេលនេះតទៅកាតាឡាន់ត្រូវធ្វើយ៉ាងណា ឱ្យសហគមន៍អន្តរជាតិគាំទ្រឯករាជ្យរបស់ខ្លួន។
គួរបញ្ជាក់ថា យោងតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី០៦ ខែតុលា ប្រជាជនកាតាឡាន់ ៩០,១៨ភាគរយ បានបោះឆ្នោតគាំទ្រឱ្យតំបន់របស់ខ្លួនប្រកាសឯករាជ្យផ្ដាច់ខ្លួន ពីអេស្ប៉ាញ ហើយមេដឹកនាំតំបន់ស្វយ័តនេះ។ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ធ្លាប់បានព្រមានថា ទីក្រុងម៉ាឌ្រីតនឹងប្រើប្រាស់គ្រប់វិធានការស្របច្បាប់ទាំងអស់ ដើម្បី រារាំងការប្រកាសឯករាជ្យរបស់តំបន់កាតាឡាន់ ដែលនេះធ្វើឱ្យក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភ ដោយខ្លាចក្រែងថា ឯករាជ្យនេះអាចនឹងនាំឱ្យមានសង្រ្គាមស៊ីវិល ឬក៏អំពើហិង្សា៕