(តូក្យូ)៖ ភ្នំភ្លើងមួយដែលមានឈ្មោះថា ស៊ីនមឺ (Shinmoe) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីបានស្ងប់ស្ងាត់តាំងពីឆ្នាំ២០១១ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃភ្នំភ្លើងសកម្មទាំង ៥០ នៅទូទាំងប្រទេសជប៉ុនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។
ភ្នំភ្លើង ស៊ីនមឺ បានផ្ទុះនៅវេលាម៉ោង ៥៖៣៤នាទី ព្រឹកថ្ងៃពុធនេះ ដែលកម្អែលភ្លើងរបស់វាបានជះឡើងក្នុងរយៈកម្ពស់ ៣០០ម៉ែត្រ ពីមាត់ភ្នំភ្លើង។ នេះបើតាមការអះអាងពី ទីភ្នាក់ងារតាមដានគ្រោះធម្មជាតិរបស់ប្រទេស។ បើគិតមកទល់បច្ចុប្បន្ន ភ្នំភ្លើងនេះបានស្ងប់ស្ងាត់អស់រយៈពេល ០៦ឆ្នាំហើយ។ សម្រាប់ប្រទេសជប៉ុន គឺមានទីតាំងស្ថិតនៅក្នុងខ្សែក្រវាត់ភ្នំភ្លើង (Ring of fire) នៅព័ន្ធជុំវិញមហាសាគរប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះដោយរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាងគេបំផុតលើលោក។
គួរបញ្ជាក់ថា ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ ដែលបញ្ជាក់អំពីផលប៉ះពាល់ជារួមនោះឡើយ ប៉ុន្តែបើតាមការគណនាទៅឡើកម្លាំងផ្ទុះ និងកម្អែលរបស់ភ្នំភ្លើងខាងលើនេះ គ្រោះធម្មជាតិនេះទំនងជាមិនបង្កក្តីព្រួយបារម្ភអ្វីដល់ភាគនិរតីជប៉ុននោះឡើយ៕