(វ៉ាស៊ីនតោន)៖ អគ្គិភ័យភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា បានផ្តាច់ជីវិតមនុស្សកើនឡើង១១នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងក៏ដូចជាអគារពាណិជ្ជកម្ម១,៥០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្ស​ប្រមាណ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។ នេះបើតាមសារព័ត៌មាន BBC ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

អភិបាលរដ្ឋកាលីហ្វរញ៉ាលោក ចឺរី ប្រោន (Jerry Brown) បានសម្រេចប្រកាសអាសន្ននៅក្នុងតំបន់ Napa, Soma, និង Yuba ខណៈ​ដែលអណ្តាតភ្លើងបានបន្តរីករាលដាលទៅកាន់ទិស ខាងត្បូងរកតំបន់ San Francisco Bay។ ក្រោយមកទៀតលោក Brown បាន​ពង្រីកសេចក្តីប្រកាសអាសន្ននេះទៅដល់តំបន់ចំនួន០៤ទៀត នៅភាគខាងជើងរដ្ឋ រួមជាមួយនិងតំបន់ Orange នៅភាគខាងត្បូង។ ដោយឡែកបើតាមមន្ទីររុក្ខប្រមាញ់និងការពារភ្លើងឆេះព្រៃនៃរដ្ឋកាលីហ្វរញ៉ា នៅក្នុងតំបន់ Sonoma មានមនុស្សស្លាប់ចំនួន០៧នាក់, ០២នាក់​នៅក្នុងតំបន់ Napa, និង ម្នាក់ទៀតនៅតំបន់ Mendocino។ ក្រៅពីនេះ ផ្ទះសម្បែងព្រមទាំងអគារពាណិជ្ជកម្មប្រហែល១,៥០០ខ្នង ត្រូវ​បានបំផ្លិចបំផ្លាញទាំងស្រុងនៅទូទាំងតំបន់ទទួលរងការវាយ ប្រហារ ស្របពេលដែលមនុស្សសរុបយ៉ាងតិច២០,០០០នាក់ ត្រូវ​ជម្លៀស​ខ្លួនទៅរកទីសុវត្ថិភាព។​

គួរបញ្ជាក់ថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់ បាននិងកំពុងតែតទល់ជាមួយនិងកម្លាំងខ្យល់បក ជាមួយល្បឿនលើសពី៨០​គីឡូ​ម៉ែត្រក្នុងមួយម៉ោងដែលបានបង្កជាអណ្តាតភ្លើងឆេះ ព្រៃចំនួន១៥ដាច់ដោយឡែកពីគ្នា នៅលើផ្ទៃដីប្រមាណជិត០៣ម៉ឺនហិកតា ក្នុង​ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ចាប់តាំងតែពីយប់ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅភាគខាងលិចអាមេរិក)៕