(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា សហរដ្ឋអាមេរិក គួរតែយកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងអង់ការ៉ា ត្រឡប់ទៅស្រុកវិញ បើសិនជាលោកសម្រេច ចិត្តផ្អាកសេវាកម្មផ្ដល់ទិដ្ឋាការ ហើយថាលោកមិនបានចាត់ទុកអគ្គរដ្ឋទូតអាមេរិកជាអ្នកតំណាងរដ្ឋាភិបាលអាមេរិកមួយរូបឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Belgrade លោក Erdogan បានបន្ទោសសហរដ្ឋអាមេរិកសម្រាប់ការបង្កឱ្យមានជម្លោះរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោកក៏បានចោទសួរផងដែរថាតើទីភ្នាក់ងារអាមេរិកបានជ្រៀតចូលក្នុងស្ថានកុងស៊ុលអាមេរិកបានយ៉ាងដូចម្ដេច ដោយលោកចង់សំដៅទៅលើបុគ្គលិកស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឈ្មោះ Metin Topuz ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ជុំវិញបទចោទប្រកាន់ថាបានធ្វើចារកម្មពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួន Metin Topuz ទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសធ្វើសង្រ្គាមទិដ្ឋាការ តាមរយៈការបញ្ឈប់ការផ្តល់សេវាកម្មទិដ្ឋាការឱ្យពលរដ្ឋរៀងៗ ខ្លួន នៅតាមស្ថាប័នការទូតរបស់ខ្លួនទាំងអស់ ក្នុងប្រទេសតួកគី និងសហរដ្ឋអាមេរិក៕