(រុស្ស៊ី)៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះបានឱ្យដឹងថា យន្ដហោះចម្បំាងរុស្ស៊ីមួយគ្រឿងប្រភេទ Su-24 បានធ្លាក់នៅអំឡុងពេលហោះឡើយ នៅឯមូលដ្ឋានទ័ពក្នុងប្រទេសស៊ីរី និងបានបណ្ដាលឱ្យអ្នកជិះនៅលើនោះទាំងអស់ ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧៕
យោងតាមក្រសួងការការពារជាតិរុស្ស៊ី ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស ខាមៃមីម (Khmeimim) ស្ថិតនៅក្នុងខេត្ត ឡាតាគា (Latakia) ប្រទេសស៊ីរី អំឡុងពេលយន្ដហោះចម្បាំង នេះបង្កើនល្បឿននៅពេលហោះឡើង ដើម្បីទៅបំពេញប្រតិបត្តិការយោធា។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ពីឡុតទាំងពីរនាក់បើកយន្ដហោះចម្បាំង Su-24 មិនអាចលោតចុះពីលើយន្ដហោះ ហើយបានស្លាប់នៅក្នុងឧប្បទ្ទវហេតុ នៅថ្ងៃទី១០ ខែតុលានេះ រីឯមូលហេតុអាចបណ្ដាលមកពីកំហុសបច្ចេកទេស»។
គួររំលឹកថា បើតាមក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ និងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ យន្ដហោះយោធារុស្ស៊ីធុន MiG-29K និង Su-33 បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅពេលបំពេញបេសកកម្មនៅស៊ីរី។ បន្ថែមពីលើនេះកាលពីដើមឆ្នាំ២០១៦ ឧទ្ធម្ភាគចក្រធុន Mi-28N ក៏បានធ្លាក់នៅក្បែរទីក្រុងហូម ប្រទេសស៊ីរីផងដែរ ដោយសម្លាប់ពីឡុតទាំងពីរនាក់ នៅលើយន្ដហោះនេះ៕