(បាងកក)៖ ក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែឧសភា ឆ្នាំ២០១៤ និងក្រោយពីតុលាការកំពូលទីក្រុងបាងកក ប្រកាសសាលក្រមផ្តន្ទាទោសប្អូនស្រីលោក ថាក់ស៊ីន រូបនេះដាក់ពន្ធនាគារ ០៥ឆ្នាំ ពីបទក្លែងបន្លំកម្មវិធីទិញស្រូវនោះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសអាស៊ានមួយនេះ នឹងរៀបចំបោះឆ្នោតសកលឡើងវិញ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមរបៀបរបបនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ចំពោះការប្រកាសអំពីពេលវេលាមិនទាន់ផ្លូវការ នៃការរៀបចំបោះឆ្នោតឡើងវិញនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ដែល លោក ប្រាយុទ្ធ ត្រឡប់មកពីបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកវិញ ដែលវាបានកើតមានឡើងរយៈពេលជាង ៣ឆ្នាំ ក្រោយពីប្រទេសថៃធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី យីងឡាក់ ដែលទទួលបានការមិនពេញចិត្តជាខ្លាំងពីរដ្ឋាភិបាលអាមេរិក ហើយក៏បានធ្វើឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ រង្គោះរង្គើខ្លាំងផងដែរ។
ជុំវិញសំណួរថា តើនឹងមានការលើកបម្រាមលើសកម្មជននយោបាយ នៃគណបក្សនានានៅពេលណានោះ លោក ប្រាយុទ្ធ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងពិចារណា ទៅតាមពេលវេលាជាក់ស្តែង»។ ទោះបីជាមានការអះអាងថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ក្តី ប៉ុន្តែសម្រាប់ការប្រកាសជាផ្លូវការ នៃពេលវេលាជាក់លាក់ត្រូវបានលោក ប្រាយុទ្ធ បញ្ជាក់ថា នឹងត្រូវធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៨។ លោក ប្រាយុទ្ធ បានផ្តល់បទសម្ពាសន៍ដល់អ្នកសារព័ត៌មាននានា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានរដ្ឋាភិបាលនាទីក្រុងបាងកក៕