(សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan ត្រូវគេរាយការណ៍ថា នឹងធ្វើដំណើរមកដល់កំពង់ផែក្រុងប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ នៅចំពោះមុខភាពតានតឹង ដែលគ្មានភាពធូរស្រាលនៅលើឧបទ្វីបកូរ៉េ បង្កឡើងដោយសារតែការបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង ដឹ ចូសុន អ៊ីលបូ (The Chosun Ilbo) នាវាមុជទឹកទម្ងន់ ១៨,០០០តោន និងមានបំពាក់គ្រាប់មីស៊ីលប្រដេញ Tomahawk ដ៏មានអានុភាពចំនួន ៥៤គ្រាប់ ដែលអាចវាយប្រហារលើគោលដៅ ស្ថិតនៅចម្ងាយរហូតដល់ជាង ២,២៥០គីឡូម៉ែត្រ USS Michigan កំពុងនៅតាមផ្លូវឆ្ពោះមកកាន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។ ដោយឡែកក្រៅពីនាវាមុជទឹកនេះ នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ក៏នឹងត្រូវបញ្ជូនមកកាន់កូរ៉េខាងត្បូង នាសប្តាហ៍ក្រោយផងដែរ។
ការចល័តសព្វាវុធដ៏ទំនើបនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងសកម្ម នៅក្នុងទឹកដីកូរ៉េខាងត្បូង ចំពោះមុខភាពតានតឹង នៅឧបទ្វីបកូរ៉េ ដែលបណ្តាលមកពីការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលធ្វើឡើងដោយរំលោភបំពានលើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា នាវាមុជទឹក USS Michigan ដើរដោយនុយក្លេអ៊ែរ និងជាប្រភេទ Ohio-class គឺស្ថិតក្នុងចំណោមនាវាមុជទឹកកំពុងដំណើរការទាំង ១៨គ្រឿង របស់កងទ័ពជើងទឹកអាមេរិក ដែលអាចបំពាក់គ្រាប់មីស៊ីលផ្លោង Trident I និង Trident II បាន ២៤គ្រាប់ ដោយមីស៊ីល Trident I មួយគ្រាប់ៗអាចផ្ទុកក្បាលគ្រាប់បែក ដែលមានកម្លាំង ១០០គីឡូតោន ចំនួន ០៨គ្រាប់ ខណៈមីស៊ីល Trident II អាចផ្ទុកក្បាលគ្រាប់បែកចំនួន ០៨គ្រាប់ ឬ ១៤គ្រាប់ ដែលមានឥទ្ធិពលគួរឲ្យខ្លាច គឺ ៤៧៥គីឡូតោន៕