(សេអ៊ូល)៖ ក្រុមសកម្មជនកូរ៉េខាងត្បូង ឬហៅជាភាសាអង់គ្លេសថា The Fighters for a Free North Korea បានបង្ហោះខិត្តប័ណ្ណឃោសនាជាង ៣០០,០០០សន្លឹក ទៅកាន់កូរ៉េខាងជើង ដើម្បីថ្កោលទោសកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទី្វប ក៏ដូចជាការបង្ករឿងរបស់ទីក្រុងព្យុងយ៉ាង។ ក្រុមសកម្មជននេះ គឺធ្វើការងារផ្ដោតសំខាន់លើអ្នកដែលរត់ភៀសខ្លួនពីកូរ៉េខាងជើង មកកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្រុមសកម្មជនខាងលើ បានបង្ហោះខិត្តប័ណ្ណថ្កោលទោសរបបដឹកនាំ លោក គីម ជុងអ៊ុន ភ្ជាប់ជាមួយនឹងបាឡុងចំនួន ១០ នៅម៉ោង ប្រមាណជា ៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ ចេញពីភ្នំមួយនៃទីក្រុង ហ្គីមប៉ូ (Gimpo) ស្ថិតនៅក្បែរព្រំដែនជាប់ជាមួយកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ ដើម្បីឱ្យប្រជាជនកូរ៉េខាងជើង រើសនិងអានខិត្តប័ណ្ណទាំងនេះ ពួកគេក៏បានដាក់ក្រដាស់ប្រាក់ ១ដុល្លារអាមេរិក ប្រមាណជា ២,០០០សន្លឹក ភ្ជាប់ជាមួយនឹងបាឡុងទាំងនោះផងដែរ។
«យើងបង្ហោះខិត្តប័ណ្ណទាំងនេះ ក្នុងគោលបំណងថ្កោលទោសកូរ៉េខាងជើង សម្រាប់ការគំរាមកំហែងដល់សហគមន៍អន្តរជាតិ តាមរយៈការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឥតឈប់ឈរ... មួយវិញទៀតដោយសារតែថ្ងៃនេះ គឺជាថ្ងៃខួបកំណើតបង្កើតបក្សពលករ ខ្ញុំសង្ឃឹមថា ខិត្តប័ណ្ណទាំងនេះ អាចនឹងក្លាយជាការព្រមានមួយសម្រាប់កូរ៉េខាងជើង»។ នេះបើតាមប្រធានក្រុម The Fighters for a Free North Korea លោក ផាក សាងហាក់ (Park Sang-hak)។
គួរបញ្ជាក់ថា ការបង្ហោះខិត្តប័ណ្ណរបៀបនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុកថា គឺជាសកម្មភាពប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយតែងតែធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែឡើងកម្ដៅ៕