(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានប្រាប់សមភាគីអាមេរិក លោក រីច ធីល្លឺសុន (Rex Tillerson) ថា ទីក្រុងម៉ូស្គូនៅតែទទូចឱ្យសហរដ្ឋអាមេរិក ប្រគល់ត្រឡប់មកវិញនូវទ្រព្យសម្បត្តិការទូត ដែលខ្លួនបានរឹបអូសដោយខុសច្បាប់ ហើយថែមទាំងព្រមានដែរ ពីការចាត់វិធានការច្បាប់ និងវិធានការសងសឹក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
«រុស្ស៊ីរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការចាត់វិធានការតាមច្បាប់ និងវិធានការសងសឹក»។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក Sergey Lavrov និង លោក Rex Tillerson កាលពីថ្ងៃចន្ទ។ យ៉ាងណាក៏ដោយ ប្រមុខការទូតទាំងពីរ ក៏បានបង្ហាញផងដែរ ពីការគាំទ្រដល់ការប្រឹក្សាយោបល់ ទាក់ទិននឹងវិបត្តិការទូតបច្ចុប្បន្ន ក្រោមការដឹកនាំរបស់អនុរដ្ឋមន្ត្រីការបទេសរុស្ស៊ី លោក រីយ៉ាបកូវ (Ryabkov) និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ថូម៉ាស់ ហ្សានណុន (Thomas Shannon)។
វិបត្តិការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៦មកម្លេះ ពោលគឺនៅក្រោយពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីសហរដ្ឋអាមេរិក ជាការឆ្លើយតបនឹងការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ម្យ៉ាងវិញទៀត ភាពតានតឹងនេះរឹតតែឡើងកម្ដៅកាលពីខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីទីក្រុងម៉ូស្គូចាត់វិធានការសងសឹក តាមរយៈការកាត់បន្ថយមន្ត្រីទូតអាមេរិកមកនៅត្រឹម ៤៥៥នាក់ ហើយជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោន កាលពីខែកញ្ញា បានសម្រេចចិត្តរឹបអូសទ្រព្យសម្បត្តិទូត និងបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។
គួរបញ្ជាក់ថា ក្រៅតែពីជម្លោះការទូត លោក Lavrov និងលោក Tillerson ក៏បានពិភាក្សាគ្នាលើសំណុំរឿងស៊ីរី និងកូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នាប្រមុខការទូតរុស្ស៊ី បានព្រមានថា សកម្មភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់បានធ្វើឱ្យស្ថានភាពកាន់តែតានតឹង ដូច្នេះទើបលោកជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា៕