(អាហ្វ្រិក)៖ សមាគមចំនួន ១៥ មកពីបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក បានសម្រេចចិត្ដដាក់ពាក្យបណ្ដឹង ប្រឆាំងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងឡាអេ (ICC) ដោយពួកគេចោទថា លោកគឺជាអ្នកទទួលខុសត្រូវលើការស្លាប់របស់ អតីតមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) ព្រមទាំងបានបង្កអស្ថេរភាពនៅក្នុងតំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយ ក្នុងទីក្រុង បាម៉ាកូ (Bamako) ប្រទេសម៉ាលី កាលពីថ្ងៃទី០៧ និងទី០៨ ខែតុលាកន្លងទៅ ហើយនាឱកាសនោះដែរ អ្នកតំណាង សមាគមទាំង ១៥ មកពីបបណ្ដាប្រទេសអាហ្រ្វិកដូចជា បួគីណាហ្វាសូ (Burkina Faso), សេណេហ្គាល់ (Senegal) និង ហ្គីណេ (Guinee) ជាដើម បានបង្កើតក្រុមអន្តរជាតិមួយមាន ឈ្មោះរណៈសិរ្សអន្តរជាតិ នៃប្រជាជាតិស៊ីវិលអាហ្រ្វិក ឬហៅកាត់ថា ហ្វីស្ព៉ា (Fispa) និងមានអតីតតារាចម្រៀងកូឌីវ័រ លោក ទីខិន ហ្សាហ៍ ហ្វាកូលី (Tiken Jah Fakoly) ជាអ្នកនាំពាក្យ។
ជាងនេះទៅទៀត ក្រុមសមាគមទាំងនេះ ក៏បានអះអាងដែរថា ពួកគេដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក Nicolas Sarkozy ដោយសារតែយល់ថា អតីតប្រធានាធិបតីបារាំងរូបនេះ គឺជាអ្នកទទួលខុសត្រូវលើការស្លាប់ របស់មេដឹកនាំលីប៊ី Mouammar Kadhafi និងប្រជាជនលីប៊ីជាង ៥០,០០០នាក់ ព្រមទាំងអស្ថេរភាពនៅក្នុងតំបន់អាហ្វ្រិក ក៏ដូចជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាមផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១១ បារាំង សហរដ្ឋអាមេរិក និងអង់គ្លេសបានចូលធ្វើអន្តរាគមន៍ជួយផ្ដួលរំលំរបបដឹកនាំ លោក Mouammar Kadhafi ដែលពួកគេចោទថា ជាមេដឹកនាំផ្ដាច់ការ និងរំលោភសិទ្ធិមនុស្ស ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនលីប៊ី។ ក៏ប៉ុន្តែចាប់តាំងពី លោក Kadhafi ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន ប្រជាជនលីប៊ី នៅតែរស់នៅក្រោមអំពើហិង្សា, ប្រទេសជាតិត្រូវបែងចែកជាពីរបក្ស, តំបន់ខ្លះត្រូវបាន ISIS ចូលលុកលុយ, រីឯសេដ្ឋកិច្ចវិញបានធ្លាក់ចុះដុនដាប ស្ទើរដល់ចំណុចសូន្យ៕