វេណេស៊ុយអេឡា «ទើបបង្ហោះផ្កាយរណបថ្មី ដោយមានជំនួយពីចិន» និងអះអាងថា វាជាការបង្ហាញឯករាជ្យភាពរបស់ខ្លួន!
10-10-2017 10:56
(ការ៉ាកាស់)៖ ប្រធានធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានសាទរចំពោះការបាញ់បង្ហោះផ្កាយរណបខ្លួន ចេញពីប្រទេសចិនដោយលោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សំដៅឆ្ពោះទៅរកការបន្តថែរក្សាឯករាជ្យភាពជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ផ្កាយរណបរបស់វេណេស៊ុយអេឡា ត្រូវបានបាញ់បញ្ជូនទៅកាន់គន្លងតារាវិថី កាលពីរំលងអាធ្រាតថ្ងៃចន្ទ (ពេលវេលានៅទីក្រុងការ៉ាកាស់) ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ក្នុងក្រុង ជីក្វាន់ (Jiuquan) នៃខេត្ត កាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន។ លោក Maduro បានអបអរព្រឹត្តិការណ៍ និងហៅសមិទ្ធិផលថ្មីនេះថា ជាជោគជ័យដ៏អស្ចារ្យមួយ សម្រាប់ឯករាជ្យភាពជាតិ នៃប្រទេសរបស់លោក។ លោកប្រធានាធិបតីវេណេស៊ុយអេឡា បានថ្លែងថា «នេះគឺជាឯករាជ្យភាពនៃផ្នែកបច្ចេកវិទ្យា ដែលពួកយើងកំពុងទទួលបាន ជាមួយបងប្អូងនៃសាធារណៈរដ្ឋប្រជាមានិតចិន»។
គួរបញ្ជាក់ថា ផ្កាយរណបខាងលើ ត្រូវបានដាក់ឈ្មោះតាមវីរបុរសវេណេស៊ុយអេឡា លោក អាន់តូនីញ៉ូ ចូសេ ឌែ ស៊ូក្រេ (Antonio Jose de Sucre) ហើយវាគឺជាផ្កាយរណបទី០៣ហើយ ដែលប្រទេសទាំងពីរ ចិន-វេណេស៊ុយអេឡា បានសហការគ្នាបាញ់បង្ហោះ។ ប្រទេសវេណេស៊ុយអេឡា ដែលជាសត្រូវរបស់អាមេរិកនេះ ត្រូវបានគេមើលឃើញថា នៅតែមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ហើយបាននិងកំពុងបង្កើនទំនាក់ទំនង លើគ្រប់វិស័យខ្លាំងជាងមុនជាមួយប្រទេសចិន៕