(បាសេឡូណា)៖ មេដឹកនាំតំបន់កាតាឡាន់ (Catalonia) លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) កំពុងប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំងឱ្យបោះបង់ចោលមហិច្ឆតាប្រកាសឯករាជ្យ ចេញពីប្រទេសអេស្ប៉ាញ នៅមុនពេលលោកត្រូវថ្លែងសារទៅកាន់សភាតំបន់ នៅក្នុងបរិបទដែលបងធំសហភាពអឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ សុទ្ធតែបង្ហាញពីការគាំទ្រឯកភាពជាតិរបស់អេស្ប៉ាញ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
យោងតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី០៦ ខែតុលា ប្រជាជនកាតាឡាន់ ៩០,១៨ភាគរយ បានបោះឆ្នោតគាំទ្រឱ្យតំបន់របស់ខ្លួនប្រកាសឯករាជ្យ ដើម្បីផ្ដាច់ខ្លួនពីអេស្ប៉ាញ ហើយមេដឹកនាំតំបន់ស្វយ័តនេះ គឺលោក Carles Puigdemont ក៏ត្រូវគេរំពឹងដែរថា នឹងប្រកាសប្រកាសឯករាជ្យ នៅអំឡុងពេលថ្លែងសារទៅកាន់សភាតំបន់ នៅថ្ងៃអង្គារនេះ វេលាម៉ោង ១៨៖០០នាទី (ម៉ោងនៅទីក្រុងម៉ាឌ្រីត)។
ទោះជាយ៉ាងនេះក្ដី អភិបាលក្រុងបាសេឡូណា លោកស្រី អាដា កាឡូ (Ada Colau) បានចេញមុខជំរុញឲ្យ លោក Puigdemont និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាចយ (Mariano Rajoy) បន្ធូរបន្ថយភាពតានតឹង ហើយថែមទាំងអំពាវនាវផងដែរឱ្យ លោក Puigdemont កុំប្រកាសឯករាជ្យ រីឯលោក Rajoy គួរតែដកចេញការគ្រប់គ្រងដោយផ្ទាល់របស់ទីក្រុង ម៉ាឌ្រីត លើតំបន់កាតាឡាន់។ «ខ្ញុំស្នើសុំឱ្យពួកគេធ្វើការសម្រេចចិត្តទាំងឡាយ ដែលឆ្ពោះទៅរកកិច្ចសន្ទនា និងការសម្របសម្រួល»។ នេះបើតាមសម្ដីលោកស្រីអភិបាលក្រុងបាសេឡូណា។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ធ្លាប់ព្រមានថា ទីក្រុងម៉ាឌ្រីត នឹងប្រើប្រាស់គ្រប់វិធានការច្បាប់ទាំងអស់ ដើម្បីរារាំងការប្រកាសឯករាជ្យរបស់តំបន់កាតាឡាន់ ហើយក្រៅតែពីការព្រមាននេះ មេដឹកនាំកាតាឡាន់ ក៏កំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចផងដែរ ពោលគឺក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ អាប៊ឺទីស (Abertis) និងក្រុមហ៊ុន ទូរគមនាគមន៍ សែលណិច (Cellnex) បានប្រកាសថា ពួកគេនឹងដកខ្លួនពីកាតាឡាន់ ទៅកាន់ទីក្រុងម៉ាឌ្រីតវិញ៕