(ប៉េកាំង)៖ គ្រាន់តែដាក់ឲ្យដំណើរការជាលើកដំបូង រយៈពេលមួយឆ្នាំប៉ុណ្ណោះ តេឡេស្កូបយក្សរបស់ប្រទេសចិន FAST ដែលជាចានតេឡេស្កូបធំជាងគេបំផុត នៅលើពិភពលោកនេះ បានរកឃើញ និងកំណត់លក្ខណៈនៃផ្កាយថ្មីៗចំនួនពីរទៅហើយ។ នេះបើតាមការអះអាងពីក្រុមស្រាវជ្រាវតារាសាស្ត្រជាតិចិន (NAO) ដែល ស៊ីនហួរ ដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
តារាថ្មីៗ (pulsar) ចំនួនពីរ ដែលត្រូវបានរកឃើញនោះ គឺមួយមានចម្ងាយ ១៦,០០០ឆ្នាំពន្លឺពីភពផែនដី និងមួយទៀតចម្ងាយ ៤,១០០ឆ្នាំពន្លឺ ពីភពផែនដី ដែលមួយឆ្នាំពន្លឺគឺស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រឯណោះ។
គួរបញ្ជាក់ថា តេឡេស្កូបយក្ស FAST មានតម្លៃ ១៨៥លានដុល្លារអាមេរិក ត្រូវបានកសាងឡើងអស់ពេលជាច្រើនឆ្នាំនៅក្នុងខេត្ត គុយចូវ ភាគនិរតីប្រទេស និងត្រូវបានដាក់ឲ្យដំណើរការសាកល្បងកាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ គោលដៅសំខាន់ FAST គឺស្វែងរកពិភពអេលៀន (ភពផ្សេង ដែលអាចទ្រទ្រង់ជីវិត) ដែលកំពុងគោចរនៅជុំវិញផ្កាយណាមួយ នៅក្នុងកាឡាក់ស៊ីនេះ។
អ្វីដែលពិសេស និងអស្ចារ្យបន្ថែមទៀតសម្រាប់ FAST គឺវាអាចមានលទ្ធភាពកំណត់ទីតាំងតារា រហូតដល់ចម្ងាយលើស ១,០០០ឆ្នាំពន្លឺ ពីភពផែនដីឯណោះ ដោយសារអានុភាពនៃបន្ទះតេឡេស្កូបចំនួន ៤,៥០០បន្ទះ រួមបញ្ចូលគ្នាបង្កើតចេញបណ្តុំតេឡេស្កូបយក្ស ដែលមានប្រវែងរង្វង់ ១.៦គីឡូម៉ែត្រ៕