(តេហេរ៉ង់)៖ ការដកខ្លួនឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមពៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងមិនមានន័យកិច្ចព្រមព្រៀងនេះត្រូវបញ្ចប់នោះទេ ខណៈរដ្ឋមួយចំនួននៅក្នុងសហភាពអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ និងអង់គ្លេស មានបំណងចង់រកស៊ីជាថ្មីជាមួយអ៊ីរ៉ង់។ នេះបើតាមអ្នកជំនាញអ៊ីរ៉ង់ លោក ម៉ាហាន អាបេឌីន (Mahan Abedin) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Mahan Abedin ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអាមេរិករាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងប្រកាសបោះបង់ចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Abedin បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik យ៉ាងដូច្នេះថា «បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនផ្ដល់សុពលភាព ឬក៏ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ ក៏វានឹងមិនមានន័យថា កិច្ចព្រមព្រៀងនេះត្រូវបញ្ចប់នោះដែរ ព្រោះបើសិនជាលោកធ្វើដូច្នោះមែន នោះវាគ្រាន់តែមានន័យថា ទីក្រុងវ៉ាស៊ីនតោនសុខចិត្ត នៅខាងក្រៅកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។
ចំណែកឯ បារាំង អង់គ្លេស និងអាល្លឺម៉ង់ អាចនឹងព្យាយាមបញ្ចុះ លោក ត្រាំ ឱ្យបន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងមហាអំណាច ៥ បូក ១ កាលពីឆ្នាំ២០១៥ ត្បិតពួកគេសុទ្ធតែកំពុងសម្លឹងឃើញផលប្រយោជន៍ពីការរកស៊ីលើវិស័យថាមពល និងប្រេងជាមួយទីក្រុងតេហេរ៉ង់»។
គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ រដ្ឋបាលអាមេរិក ត្រូវតែត្រួតពិនិត្យ និងផ្ដល់សុពលភាពរៀងរាល់ ៩០ថ្ងៃម្ដង ហើយការផ្ដល់សុពលភាពនេះនឹងត្រូវផុត កំណត់នៅថ្ងៃទី១៥ ខែតុលានេះ៕