(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃ​ដ៏សន្ធោសន្ធៅមួយ ដែលបាននិង​កំពុងតែវាយប្រហារ​តំបន់ភាគ​ខាងជើង នៃរដ្ឋ​កាលីហ្វរញ៉ា សហរដ្ឋអាមេរិក​បាន​ផ្តាច់ជីវិត​មនុស្សយ៉ាង​តិច ១០នាក់ និងបំផ្លិចបំផ្លាញ​លំនៅឋាន ក៏ដូចជាអគារ​ពាណិជ្ជកម្ម​ជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំ​ឲ្យមនុស្ស​ប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែង​ជ្រកកោណ​របស់ពួកគេថែម​ទៀតផង។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅ​ព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

អភិបាលរដ្ឋ​កាលីហ្វរញ៉ាលោក ចឺរី ប្រោន (Jerry Brown) បានសម្រេច​ប្រកាសអាសន្ន​នៅក្នុងតំបន់ ណាប៉ា (Napa), សូណូម៉ា (Sonoma), និង យូបា (Yuba) ខណៈ​ដែល​អណ្តាតភ្លើង បានបន្តរីករាលដាលទៅកាន់ទិសខាងត្បូង​រកតំបន់ សាន់ហ្វ្រាន់ស៊ីស្កូ បេយ (San Francisco Bay)។ ក្រោយមកទៀត​ លោក Brown បាន​ពង្រីក​សេចក្តីប្រកាសអាសន្ន​នេះ ទៅដល់តំបន់ចំនួន ០៤ទៀត នៅភាគខាង​ជើងរដ្ឋ រួមជាមួយ​និងតំបន់ អូរ៉េង (Orange) នៅភាគខាងត្បូង។

យោងតាមមន្ទីររុក្ខាប្រមាញ់ និងការពារភ្លើងឆេះព្រៃនៃ​រដ្ឋកាលីហ្វរញ៉ា នៅក្នុងតំបន់ Sonoma មានមនុស្សស្លាប់ចំនួន០៧នាក់, ០២នាក់​នៅក្នុងតំបន់ Napa, និង ម្នាក់ទៀតនៅតំបន់ មិនដូស៊ីណូ (Mendocino)។ ក្រៅពីនេះ ផ្ទះសម្បែងព្រម​ទាំងអគារពាណិជ្ជកម្ម​ប្រហែល ១,៥០០ខ្នង ត្រូវ​បានបំផ្លិចបំផ្លាញ​ទាំងស្រុង នៅទូទាំងតំបន់​ទទួលរងការវាយប្រហារ ស្របពេលដែល​មនុស្សសរុប​យ៉ាងតិច ២០,០០០នាក់ ត្រូវ​ជម្លៀស​ខ្លួន​ទៅរក​ទីសុវត្ថិភាព។​

គួរបញ្ជាក់ថា ក្រុមភ្នាក់ងារពន្លត់​អគ្គីភ័យរាប់ពាន់នាក់ បាននិងកំពុងតែតទល់​ជាមួយនិងកម្លាំងខ្យល់បក ជាមួយល្បឿនលើស​ពី ៨០​គីឡូ​ម៉ែត្រក្នុងមួយម៉ោង ដែលបានបង្ក​ជាអណ្តាតភ្លើងឆេះព្រៃ​ចំនួន ១៥ទីតាំង ដាច់ដោយឡែកពីគ្នា នៅលើផ្ទៃដី​ប្រមាណជិត ០៣ម៉ឺនហិកតា ក្នុង​ភាគខាងជើង​រដ្ឋកាលីហ្វរញ៉ា ចាប់តាំងតែ​ពីយប់ថ្ងៃអាទិត្យ​កន្លងទៅ (ពេលវេលានៅ​ភាគខាងលិច​សហរដ្ឋអាមេរិក)៕