​(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

ថ្លែងប្រាប់យុនហាប់ លោក Park Han-shik បានគូសបញ្ជាក់ដូច្នេះថា៖«លោក Jimmy Carter មានបំណងដើរតួរនាទីស្វែងរកដំណោះស្រាយ សម្រាប់ស្ថានភាពតានតឹងក្នុងពេលបច្ចុប្បន្ន ដូចដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ១៩៩៤ តាមរយៈការធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្រោមអតីតរដ្ឋបាលអាមេរិក លោក Bill Clinton»។ លោក Park ដោយសំអាងថា បានជួបលោក Carter កាលពីថ្ងៃទី២៨ ខែកញ្ញា នៅឯរដ្ឋ Georgia​ បានបន្ថែមទៀតថា លោក និងលោក Carter បានពិភាក្សាគ្នា ហើយថាអតីតប្រធានាធិបតីអាមេរិករូបនេះ មានបំណងធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង បើទោះជាដឹងថាវាគឺជារឿងដ៏លំបាកក៏ដោយ។

គួរបញ្ជាក់ថា លោក Jimmy Carter ជាអតីតប្រធានាធិបតីអាមេរិកទី៣៩ នៅចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១៕