(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែល​បានបាញ់សម្លាប់រង្គាល ​មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។ មិនតែប៉ុណ្ណោះ មុនពេលបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សរូបគេ បានចាយលុយដល់ទៅមួយលានដុល្លារ នៅក្នុងកាស៊ីណូនៃទីក្រុងឡាស់វីហ្គាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាម CNN លោក ស្ទីវិន ផេដដក់ (Stephen Paddock) មានបញ្ហាសតិអារម្មណ៍និងទម្លាប់មិនធម្មតា តាំងតែពីឆ្នាំ២០១៣។​ លោកតែងតែប្រើបា្រស់ថ្នាំប្រភេទ Valium នៅពេលមាន អារម្មណ៍ធុញថប់ម្ដងៗ ព្រមទាំងមានវេជ្ជបណិ្ឌតផ្ទាល់ខ្លួនដែលជាអ្នកចេញវេជ្ជបញ្ជាទៀតផង។ ដោយឡែក ជុំវិញករណីបាញ់ប្រហារនេះដែរ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ធ្លាប់ បានបញ្ជាក់រួចហើយថា លោក ស្ទេហ្វិន ផេកដក់ ពុំមានទំនាក់ទំនងអ្វីមួយជាមួយនិង​ក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះបានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី ខណៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ខ្មាន់កាំភ្លើងរូបនេះមានបញ្ហាផ្លូវអារម្មណ៍។ ក៏ប៉ុន្តែវានៅតែមានមន្ទិលសង្ស័យជាច្រើន ព្រោះអាជ្ញាធរអាមេរិកខ្លួនឯង ក៏បានអះអាងដែរថាខ្មាន់កាំភ្លើង រូបនេះបានរៀបចំគំរោងតែម្នាក់ឯង និងប្រើពេលជាច្រើនឆ្នាំដើម្បីទិញកាំភ្លើង។

គួររំលឹកថា កាលថ្ងៃអាទិត្យ សប្ដាហ៍មុន បុគ្គល Paddock បានធ្វើសកម្មភាព​បាញ់ប្រហារ ទៅលើហ្វូង​​មនុស្សយ៉ាងច្រើន​កុះករ​ជាង ២២,០០០នាក់ ដែលកំពុង​ចូលរួមក្នុង​ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍​ប្រគុំតន្រ្តីកណ្តាល​វាលដ៏ធំមួយ ចេញ​ពី​បន្ទប់ជាន់ទី ៣២ របស់លោក នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ក្រោយមកជនដៃ​ដល់រូបនេះ ត្រូវប៉ូលិសអាមេរិក​រកឃើញថា បានស្លាប់នៅ​ក្នុងបន្ទប់នោះ រួមជាមួយ និងកាំភ្លើងចំនួន ១០ដើម ហើយការបាញប្រហារនេះទៀតសោតត្រូវបានគេចាត់ទុកថាជា សោកនាដកម្មដ៏អាក្រក់ បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប៕