មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់ ក្រោមការវាយប្រហារ ដឹកនាំដោយអាមេរិក» លើទីក្រុងរ៉ាកា!
09-10-2017 17:25
(ដាម៉ាស)៖ ជនស៊ីវិលយ៉ាងតិច ២៥០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរីក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានអះអាងទៀតថា ប្រតិបត្តិការតាមផ្លូវអាកាស ធ្វើឡើងដោយក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក បានផ្តាច់យកអាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់ យ៉ាងហោចណាស់ចំនួន ១,១១៧នាក់ ដោយក្នុងនោះរួមមានកុមារ ២៦៧នាក់ និងស្រ្តី ១៦៤នាក់ បើគិតចាប់តាំងតែពីខែមិថុនា ឆ្នាំ២០១៧។
យ៉ាងណាមិញ SOHR ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសបានឲ្យដឹងថា ៨៥ភាគរយ នៃទីក្រុង Raqqa ត្រូវបានវាយរំដោះចេញពីការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ ISIS ហើយ៕