(វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពីព្រឹកមិញនេះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញអ្វីឡើយ ហើយសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឲ្យដឹងថាចំណុចរញ័រ នៃគ្រោះរញ្ជួយផែនដីខាងលើនេះ បានកើតឡើងនៅចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងកើត នៃកោះដាច់ស្រយ៉ាលបាលដឺ (Buldir) ក្នុងតំបន់ប្រជុំកោះ អាឡឺធាន (Aleutian) ជាទីជម្រកនៃប្រជាជនអាមេរិកប្រមាណ ៨,០០០នាក់ ដែលភាគច្រើន ស្នាក់នៅក្នុងលំនៅឋានក៏ដូចជាសំណង់ ដែលធន់នឹងការកម្លាំងរញ័រនៃការរញ្ជួយដី។
គួរបញ្ជាក់ថា ក្រោយពេលកើតមានគ្រោះរញ្ជួយដី ពុំមានសេចក្តីរាយការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះ ឬការខូចខាត នៅតំបន់ខាងលើឡើយ ខណៈមជ្ឈមណ្ឌលឃ្លាំមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏មិនបានចេញសារព្រមានពីរលកយក្សស៊ូណាមិញ ដែលអាចត្រូវបង្កឡើងផងដែរ៕