(លីបង់)៖ លោក ហាស្សាន ណាស្រាឡាហ៍ (Hassan Nasrallah) មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា (Hezbollah) បាននិយាយថា សហរដ្ឋអាមេរិកសព្វថ្ងៃកំពុងតែប្រើប្រាស់កងទ័ពអាកាសរបស់ខ្លួន ការពារក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
លោក Nasrallah បានថ្លែងថា សហរដ្ឋអាមេរិកកំពុងតែការពារពួក ISIS នៅតាមតំបន់មួយចំនួនរបស់ស៊ីរី ក៏ដូចជារារាំងមិនឲ្យកងទ័ពស៊ីរីធ្វើអ្វីដល់ក្រុមភេរវករនេះ តាមរយៈការប្រើប្រាស់កងយន្តហោះចម្បាំងរបស់ខ្លួន។ បន្ថែមពីនេះ លោក Hassan Nasrallah បានបន្តថា កងទ័ពរដ្ឋាភិបាលស៊ីរី រួមទាំងកងកម្លាំងដទៃៗទៀត ដែលនៅស្ម័គ្រស្មោះនឹងទីក្រុងដាម៉ាស់ គួរតែវាយដណ្តើមយកទឹកដីនៃប្រទេសរបស់ពួកគេ ចេញពីដៃរបស់ក្រុមភេរវករវិញ ពីព្រោះថាបើមិនដូច្នោះទេ ISIS នឹងនៅតែបន្តធ្វើសកម្មភាពវាយប្រហារផ្សេងៗបន្តទៀត។ យោងតាមលោក Nasrallah នាខណៈពេលនេះក្រុម ISIS មានការគ្រប់គ្រងតែលើតំបន់មួយភាគតូចប៉ុណ្ណោះ នៅតាមព្រំដែនប្រទេសស៊ីរី ក្បែរៗនឹងអ៊ីរ៉ាក់។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីនាពេលថ្មីៗនេះ បានចេញផ្សាយរូបភាពថតពីលើអាកាសមួយចំនួន ស្តែងពីបរិក្ខារបស់កងកម្លាំងពិសេសអាមេរិក នៅភាគខាងជើងនៃខេត្ត ឌែរ អេស ហ្ស័រ (Deir ez-Zor) ជាទីដែលក្រុម ISIS ស្ថិតនៅ។ ក្រសួងដដែលបានបន្ថែមថា ពុំមានសញ្ញាណាមួយបង្ហាញពីការប៉ះទង្គិចគ្នានៅក្នុងតំបន់នេះឡើយ ហើយពលទាហានអាមេរិក មើលទៅហាក់បីដូចជា មានអារម្មណ៍សុខសុវត្ថិភាពខ្លាំងមួយរយភាគរយ នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយពួកភេរវករ។ ទីក្រុងម៉ូស្គូ ធ្លាប់បានបង្ហាញពីក្តីសង្ឃឹមថា សកម្មភាពរបស់ក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយអាមេរិក ប្រឆាំងនឹង ISIS គឺត្រឹមត្រូវស្របទៅតាមគោលដៅ ដូចអ្វីដែលពួកគេធ្លាប់បានបញ្ជាក់អះអាងពីមុនមក៕
http://images.jpost.com/image/upload/t_Article2016_ControlFaceDetect/391287