(បាងកក)៖ ក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេសថៃ បានធ្វើការបំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយកន្លែង ដើម្បីវាយឆ្មក់លើកងទ័ពមួយក្រុម នៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ហើយជាលទ្ធផលពលទាហានម្នាក់បានបាត់បង់ជីវិត និងម្នាក់ផ្សេងទៀតបានទទួលរបួសជាទម្ងន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ កងទ័ពមួយអង្គភាពតូចមានគ្នា ០៨នាក់ បានកំពុងតែធ្វើដំណើរល្បាតតាមដងផ្លូវមួយកន្លែង នៅលើម៉ូតូចំនួន ០៤គ្រឿង នៅពេលពួកគេបានទទួលរងការលួចវាយប្រហារ ដោយក្រុមឧទ្ទាម ដែលពួនសំងំនៅក្នុងគុម្ពព្រៃ ក្បែរដងផ្លូវនោះ។ ក្នុងហេតុការណ៍នេះ ពលទាហានម្នាក់វ័យ ២៥ឆ្នាំ បានស្លាប់ និងម្នាក់កំពុងតែទទួល ការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈកងទ័ព ០៦នាក់ ផ្សេងទៀត មិនបានទទួលគ្រោះថ្នាក់អ្វីឡើយ។
គួរបញ្ជាក់ថា ខេត្ត Narathiwat, ប៉ាតានី (Pattani), និងយ៉ាឡា (Yala) គឺជាខេត្តទាំង ០៣ នៅចុងភាគខាងត្បូងប្រទេសថៃ ដែលតែងតែបានជួបប្រទះការបំផ្ទុះគ្រាប់បែក និងការវាយប្រហារក្នុងទម្រង់ដទៃៗទៀត ពីសំណាក់ក្រុមឧទ្ទាម អស់រយៈពេល ១៣ឆ្នាំមកហើយ៕