(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដឹកនាំសហរដ្ឋអាមេរិក ឆ្ពោះទៅរកសង្រ្គាមលោកលើកទី០៣ ហើយការដឹកនាំរបស់លោក គឺសម្របសម្រួលសម្រាប់កម្មវិធីទូរទស្សន៍ ជាជាងសេតវិមាន។ នេះបើតាមព្រឹទ្ធសមាជិក លោក បុប ខរខឺ (Bob Corker) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
លោក Bob Corker ជាព្រឹទ្ធសមាជិកមួយរូប មកពីគណបក្សសាធារណរដ្ឋ បានថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយការសែត New York Times កាលពីថ្ងៃអាទិត្យ។ លោក Corker បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក ដូណាល់ ត្រាំ) បារម្ភពីខ្ញុំ... គាត់បារម្ភពីអ្នករាល់គ្នា ដែលគិតគូរពីប្រទេសរបស់យើង»។ បន្ថែមពីលើនេះ ព្រឹទ្ធសមាជិករូបនេះ ក៏បានបង្ហាញពីការសង្ស័យ ចំពោះសមត្ថភាពដឹកនាំប្រទេសរបស់ លោក ដូណាល់ ត្រាំ ផងដែរ ដោយលោកបានបន្ទោសប្រធានាធិបតីអាមេរិករូបនេះថា បានដឹកនាំប្រទេសដូចជាកម្មវិធីទូរទស្សន៍ ព្រមទាំងចេញមុខព្រមានឥតឈប់ឈរលើបណ្ដាប្រទេសដទៃ ដែលនេះគឺជាផ្លូវនាំសហរដ្ឋអាមេរិក ទៅកាន់សង្រ្គាមលោកលើកទី០៣។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក Bob Corker ធ្វើឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ បានចេញមុខជាថ្មីព្រមានកូរ៉េខាងជើង ដោយបញ្ជាក់ថា «ដំណោះស្រាយតែមួយគត់» នឹងត្រូវ អនុវត្តជាមួយទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀតបើទោះជា លោក ត្រាំ មិនបានបង្ហើបថា ដំណោះស្រាយនោះជាអ្វីឱ្យប្រាកដក៏ដោយ តែអ្នកជំនាញខ្លះថា លោកចង់សំដៅទៅលើការប្រើប្រាស់កម្លាំងយោធា ប្រសិនបើកូរ៉េខាងជើង កាន់តែបង្ហាញភាពគគ្លើនខ្លាំងជាងសព្វថ្ងៃនេះទៀត៕