(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បញ្ហាជាមួយកូរ៉េខាងជើង គួរតែត្រូវបានដោះស្រាយតាំងតែពី ២៥ឆ្នាំ មុនមកម្ល៉េះហើយថា «រឿងតែមួយគត់» អាចនឹងត្រូវអនុវត្តន៍ ដើម្បីដោះស្រាយភាពជាប់គាំង នៃវិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
យោងតាម CNN បើទោះជា លោក ដូណាល់ ត្រំា មិនបានបញ្ជាក់ថា «រឿងតែមួយគត់» នោះគឺជាអ្វីក៏ដោយ ក៏ប៉ុន្តែគេជឿជាក់ថា លោកចង់សំដៅទៅលើជម្រើសយោធា ខណៈលោកផ្ទាល់បាន សម្ដែងការជំទាស់ទៅនឹងកិច្ចចរចាទាំងឡាយ ជាមួយរបបដឹកនាំទីក្រុងព្យុងយ៉ាង។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ យ៉ាងដូច្នេះថា «អតីតប្រធានាធិបតីអាមេរិក និងរដ្ឋបាលរបស់ពួកគាត់មុនៗ បានរៀបចំកិច្ចសន្ទនាជាច្រើនជាមួយកូរ៉េខាងជើង អស់រយៈពេលជាង ២៥ឆ្នាំមកនេះ តែខ្ញុំគិតថា វាគួរតែត្រូវបានដោះស្រាយតាំងតែពី ២៥ឆ្នាំមុនមកម្ល៉េះ... កិច្ចព្រមព្រៀងជាច្រើនត្រូវបានធ្វើឡើង រីឯថវិកាជាដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ត្រូវបានចំណាយផងដែរ... ក៏ប៉ុន្តែគ្មានលទ្ធផលជាដុំកំភួនអ្វីទាល់តែសោះ ហើយមិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងទាំងនេះត្រូវរំលោភបំពាន មុនទឹកខ្មៅស្ងួតទៅទៀត ដែលនេះគឺជារឿងគួរឱ្យអស់សំណើចមួយ សម្រាប់ក្រុមអ្នកចរចាអាមេរិក។ ដូច្នេះខ្ញុំពិតជាសោកស្ដាយណាស់តែ «រឿងមួយតែមួយគត់» នៅត្រូវអនុវត្តន៍។
គួរបញ្ជាក់ថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានធ្លាក់ដុនដាបខ្លាំង ក្រោយកូរ៉េខាងជើង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ និងបាញ់មីស៊ីលហោះរំលងជប៉ុន ជាបន្តបន្ទាប់កាលពីខែកញ្ញាកន្លងទៅ។ រីឯក្រុមអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាង អាចនឹងបង្ករឿងជាថ្មី តាមរយៈការធ្វើតេស្ដមីស៊ីលក្នុងខែតុលានេះ ចំខួបកំណើតនៃបង្កើតគណបក្សពលករកូរ៉េ និងសមាជបក្សកុម្មុយនីស្ដចិន៕