(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តតម្លើងតំណែងប្អូនស្រីបង្កើតរបស់ខ្លួន គឺលោកស្រី គីម យូជុង (Kim Yo Jong) ជាជំនួយការនៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ជាបក្សកាន់អំណាចតែមួយគត់ នៅកូរ៉េខាងជើង ដោយមានមូលហេតុចម្បងមួយចំនួន ក្នុងនោះក៏រួមមានគោលដៅដើម្បីពង្រឹងអំណាចត្រកូល គីម តាមបណ្តាំរបស់ជីតា និងឪពុករបស់លោកផ្ទាល់ផងដែរ។ នេះបើតាម KCNA ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
លោក គីម ជុងអ៊ុន និងលោកស្រី គីម យូជុង មានម្ដាយរួមគ្នា គឺលោកស្រី កូ យ៉ុងហ៊ុយ (Ko Yong Hui) ជាប្រពន្ធនៃអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល។ យោងតាម KCNA ពិធីតម្លើងតំណែង លោកស្រី គីម យូជុង មានអាយុ ៣០ឆ្នាំ ធ្វើឡើងនៅអំឡុងជំនួបប្រជុំមួយ នៃគណបក្សពលករកូរ៉េ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោក គីម ជុងអ៊ុន និងស្របពេលលោកស្រី គីម បច្ចុប្បន្នត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយជាប់ទណ្ឌកម្មជុំវិញការរំលោភសិទ្ធិមនុស្ស។
ដោយឡែក ជុំវិញការតម្លើងដំណែងនេះដែរ សាស្ត្រាចារ្យកូរ៉េខាងត្បូងម្នាក់ លោក យ៉ាង ហ៊ូជីន (Yang Moo-Jin) បាននិយាយថា ការសម្រេចចិត្តរបស់ លោក គីម ជុងអ៊ុន គឺមានមូលហេតុ និងគោលបំណងពង្រីក ការអនុវត្តន៍របស់ឪពុក និងជីតាក្នុងការពង្រឹងអំណាច តាមរយៈការតែងតាំងសាច់ញាតិគ្រួសារខ្លួនឯង ឱ្យកាន់តំណែងនៅក្នុងជួរមន្ត្រីគណបក្សពលករតែម្តង។
គួរបញ្ជាក់ថា ក្រៅតែពីការតម្លើងតំណែង លោក គីម ជុងអ៊ុន ក៏បានក្រើនរំលឹកប្រជាជនកូរ៉េខាងជើងដែរថា ត្រូវតែប្រមូលស្មារតីចាប់អារម្មណ៍ លើការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងការ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលលោកផ្ទាល់ចាត់ទុកថា ជាវិធានការពារប្រទេសពីការឈ្លានពាន ក៏ដូចជារក្សាសន្តិភាពនៅក្នុងតំបន់៕