(ម៉ិចស៊ីកូ)៖ ភ្នំភ្លើង ផូផូខេតេផេត (Popocatepetl) ស្ថិតនៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ បានផ្ទុះឡើងនៅថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងម៉ិចស៊ីកូស៊ីធី) ដោយបានជះកម្អែលផេះរហូតដល់ទៅ ២គីឡូម៉ែត្រឯណោះទៅក្នុងផ្ទៃមេឃ ដែលនេះជាការផ្ទុះចំនួន ០៤ដង បន្តបន្ទាប់គ្នាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
តាមការអះអាងពី មជ្ឈមណ្ឌលគាំពារគ្រោះមហន្តរាយជាតិរបស់ម៉ិចស៊ីកូ (NDPC) បានឲ្យដឹងថា «ការផ្ទុះដំបូងបានចាប់ផ្តើមឡើង កាលពីវេលាម៉ោង ៩៖០៤នាទី ព្រឹកថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យ វេលាម៉ោង ៦៖២២នាទីព្រឹក ហើយវាបានកើតមានការផ្ទុះជាបន្តបន្ទាប់ សរុប ០៤ដងឯណោះ»។ ភ្នំភ្លើងខាងលើនេះ មានចម្ងាយតែ ៧០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគអាគ្នេយ៍នៃរដ្ឋធានី ម៉ិចស៊ីកូស៊ីធី ដែលជាទីជម្រកនៃប្រជាជន ២០លាននាក់ ដែលទើបតែរងគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ កាលពីខែកញ្ញា បានសម្លាប់មនុស្សរហូតទៅដល់ជាង ៣៧០នាក់ និងអគាររាប់ពាន់ខ្នង រងការបំផ្លិចបំផ្លាញយ៉ាងដំណំ។
គួរបញ្ជាក់ថា ភ្នំភ្លើង ផូផូខេតេផេត បានបង្ហាញភាពសកម្មកម្រិតបង្គួររបស់វា ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៤មកម្ល៉េះ ហេតុដូច្នេះទើបចាប់ពីពេលនោះមក ប្រជាជនម៉ិចស៊ីកូទាំងអស់ត្រូវបានណែនាំ ឲ្យរស់នៅ ឬធ្វើដំណើរនៅរយៈចម្ងាយយ៉ាងតិចចាប់ពី ១២គីឡូម៉ែត្រ ពីភ្នំភ្លើងនេះដើម្បីបង្ការការផ្ទុះជាយកថាហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់។ បន្ថែមពីនេះអាជ្ញាធរពុំទាន់អាចបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងខាងលើនេះ មានទំនាក់ទំនងជាមួយគ្រោះរញ្ជួយដីផ្ទួនៗកាលពីខែកញ្ញាដែរ ឬក៏អត់នោះឡើយ៕