(ឡាសវេហ្គាស់)៖ កាលពីសប្តាហ៍មុន ហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅក្នុងទីក្រុង ឡាស វេហ្គាស់ (Las Vegas) នៃរដ្ឋនេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតមនុស្សជិត ៦០នាក់ ព្រមទាំងបានធ្វើឲ្យជាង ៥០០នាក់ទៀតរងរបួស។ នៅពេលនេះ អ្នកដែលនៅរស់រានមានជីវិតពីសោកនាដកម្មដ៏អាក្រក់នេះ ក៏បានមុខចែករំលែកពីទិដ្ឋភាពនៅ ពេលកើតហេតុ។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
សាក្សីជាច្រើននាក់ បានផ្តល់បទសម្ពាសន៍ អំពីហេតុការណ៍ពិតៗ ដែលជីវិតពួកគេបានជួបប្រទះ ដែលប្រៀបបីដូចជា កំពុងស្ថិតនៅមាត់ទ្វារឋាននរកទៅហើយ។ នៅមុនពេលកើតហេតុ មនុស្សប្រមាណជាង ២២,០០០នាក់ ដែលបានទៅចូលរួមក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី Route 91 Harvest Festival ដែលប្រព្រឹត្តទៅក្នុងទីក្រុង Las Vegas នោះ កំពុងកាន់ទូរស័ព្ទដៃរៀងៗខ្លួន ដើម្បីថតយកកម្មវីធីជួបជុំដែលគួរឲ្យចងចាំនេះ ហើយបញ្ចេញសំនៀងច្រៀងតាមតារាចម្រៀងរបស់ពួកគេ។
ស្របពេលជាមួយគ្នា នាវេលារំលងម៉ោង ១០៖០០នាទីយប់ ថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅភាគខាងលិចអាមេរិក) បុរសម្នាក់ ដែលស្ថិតនៅក្នុងបន្ទប់ជាន់ទី ៣២ នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ (Mandalay Bay) ក្បែរនោះកំពុងតែត្រៀមខ្លួនក្លាយជាឃាតករដ៏សាហាវម្នាក់។ ខណៈដែលអ្នកចូលរួម កំពុងមានភាពសប្បាយរីករាយនឹងការប្រគុំតន្រ្តី សំឡេងស្នូរកាំភ្លើងក៏បានលាន់ឡើង ហើយមនុស្សមួួយចំនួន បានស្មានថា គ្រាន់តែជាការបាញ់កាំជ្រួច។
យ៉ាងណាមិញ ស្នូរកាំភ្លើងនៅតែបន្ត ហើយកាន់តែខ្លាំងជាងមុន ជាហេតុបានធ្វើឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍អាក្រក់កំពុងតែកើតឡើងចំពោះពួកគេ ដោយមនុស្សមួយចំនួនបាន ចាប់ផ្តើមរត់សំដៅទៅរកផ្លូវចេញ និងខ្លះទៀតបានរងរបួស និងដួលស្លាប់ជាបណ្តើរៗ ស្របពេលដែលអ្នកផ្សេងទៀត មានទាំងក្រាប មានទាំងលូន មានទាំងលាក់ខ្លួន និងមានអ្នកខ្លះសុខចិត្តយកខ្លួនធ្វើជាខែលការពារមនុស្សជាទីស្រឡាញ់ ថែមទៀតផង។
ក្រុមអ្នកគាំទ្រការប្រគុំតន្រ្តី ដែលប៉ុន្មាននាទីមុនកំពុងតែច្រៀង-រាំយ៉ាងសប្បាយក្អាកក្អាយនោះ បានក្លាយទៅជាចំណីគ្រាប់ភ្លើងរបស់បុគ្គលឈ្មោះ ស្ទេហ្វិក ផេដដក់ (Stephen Paddock) ដែលបានប្រែក្លាយបន្ទប់សណ្ឋាគាររបស់លោក ទៅជាទីតាំងបាញ់ស៊ីបជាមួយនឹងអាវុធរាប់សិបដើម។ ទីបំផុត ក្រុមភ្នាក់ងារជួយសង្រ្គោះ និងសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ខណៈជាង ១០នាទី ក្រោយមកសកម្មភាពបាញ់ប្រហារក៏បានស្ងាត់ទៅវិញ ទោះបីជាសម្រាប់អ្នកដែលបានជួបប្រទះហេតុការណ៍នេះផ្ទាល់ មានអារម្មណ៍ដូចជាគ្មានទីបញ្ចប់ក៏ដោយ។
ដោយឡែក នៅក្នុងសណ្ឋាគារ Mandalay Bay វិញកម្លាំងប៉ូលិសអាមេរិក ក៏បានសម្រុកចូលទៅក្នុងបន្ទប់របស់ខ្មាន់កាំភ្លើង តែបានឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅលើកម្រាលព្រំ ទំនងជាក្រោមស្នាដៃខ្លួនឯង ដោយមានកាំភ្លើងវែងរាប់សិបដើម និងប្រអប់គ្រាប់កាំភ្លើងជាច្រើនទៀត ពាសពេញបន្ទប់តែម្តង បន្ទាប់ពីបុរសវ័យ ៦៤ឆ្នាំរូបនេះ បានផ្តាច់ជីវិតមនុស្ស ៥៩នាក់ និងបណ្តាលឲ្យរបួសចំនួន ៥២៧នាក់៕