(អង់ការ៉ា)៖ តួកគីបានសម្រេច​បញ្ឈប់រាល់សេវាកម្ម​ផ្តល់ទិដ្ឋាការទាំងអស់ នៅតាមបណ្តាស្ថាប័ន​ការទូតរបស់ខ្លួន ស្ថិតក្នុងទឹកដី​សហរដ្ឋ​អាមេរិក។ នេះបើតាម​ការប្រកាសពី​ស្ថានទូតតួកគី​​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃ​ចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

ស្ថានទូតតួកគីខាងលើ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា «ព្រឹត្តិការណ៍ថ្មីៗនេះ បានបង្ខំរដ្ឋាភិបាល​តួកគី ឲ្យធ្វើការវាយ​តម្លៃឡើងវិញលើការប្តេជ្ញា​ចិត្ត​ របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចំពោះស្ថានប័ន​ ក៏ដូចជាបុគ្គលិកនៃបេសកកម្ម​ការទូត​តួកគី នៅក្នុងប្រទេស​របស់ពួកគេ។ ដូច្នេះ ដើម្បីកាត់បន្ថយ​ចំនួនមនុស្ស​មកស្ថានទូត​ ក៏ដូចជាស្ថាន​កុងស៊ុល​របស់​ពួកយើង ក្នុងខណៈពេលនៃដំណើរ​ការ​វាយ​តម្លៃនេះ យើងបានផ្អាកភ្លាមៗ​នូវរាល់​សេវាផ្តល់ទិដ្ឋាការ នៅគ្រប់ស្ថាប័ន​ការទូត ក្នុងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ការឆ្លើយតប​របស់ទីក្រុង​អង់ការ៉ា ធ្វើឡើងនៅ​ប៉ុន្មានម៉ោង​ក្រោយពីស្ថានទូត​អាមេរិកប្រចាំប្រទេសតួកគី បានប្រកាសថា ពួកគេ​បានសម្រេច​បញ្ឈប់​ការផ្តល់សេវាកម្ម​ទិដ្ឋាការ នៅតាមស្ថាប័ន​ការទូតរបស់​ខ្លួនទាំងអស់ ក្នុងប្រទេស​តួកគី។ ទំនាក់ទំនងទំនង​វវាង​​សម្ព័ន្ធ​មិត្ត​អង្គការ NATO ទាំងពីរនេះ បានជួបប្រទះភាព​រកាំរកូសកាន់​តែខ្លាំង នៅពេលដែល​មានការចាប់ខ្លួន​បុគ្គលិកស្ថានកុងស៊ុលអាមេរិក​ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល​ឈ្មោះ Metin Topuz កាលពី​សប្តាហ៍មុន ជុំវិញបទចោទ​ប្រកាន់​ចារកម្ម ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ​បរាជ័យ ​​កាលពីឆ្នាំ២០១៦៕