(បាសេឡូណា)៖ ប្រជាជន​អេស្ប៉ាញ​ជាង ៣៥០,០០០នាក់ បានប្រមូលផ្ដុំ​គ្នាធ្វើបាតុកម្ម​តវ៉ានៅក្នុងទីក្រុង​បាសេឡូណា រដ្ឋធានីនៃតំបន់កាតាឡាន់ (​Catalonia) ដើម្បីសម្ដែង​ការជំទាស់ របស់ពួកគេ​ទៅនឹងឯករាជ្យ​ផ្ដាច់ទឹកដី ចេញពីប្រទេសអេស្ប៉ាញ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុងស្រុក នៅអំឡុងក្បួន​ដង្ហែរតវ៉ាកាលពី​ថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ា​បានគ្រវីទង់​ជាតិអេស្ប៉ាញ និងតំបន់កាតាឡាន់​​ជាមួយពាក្យស្លោកថា «រួមគ្នាទើបយើង​រឹងមាំ ហើយកាតាឡាន់​នៅក្នុងប្រទេស​អេស្ប៉ាញ»។ មិនតែប៉ុណ្ណោះពួកគេ ក៏សម្ដែងការ​គាំទ្រផងដែរ ដល់កិច្ចសន្ទនារវាងភាគីទាំងពីរ បើទោះជានាយករដ្ឋមន្ត្រី​អេស្ប៉ាញ​អះអាងថា គ្មានផ្លូវចរចា​ជាមួយរដ្ឋាភិបាល​កាតាឡាន់ ពាក់ព័ន្ធនឹង​ការប្រកាសឯករាជ្យ​ក៏ដោយ។

គួររំលឹកថា បើតាមការបោះឆ្នោត​ប្រជាមតិកាល​ពីថ្ងៃទី០៦ ខែតុលា ប្រជាជនកាតាឡាន់​ ៩០,១៨ភាគរយ បានបោះឆ្នោត​គាំទ្រ​ឱ្យតំបន់​របស់ខ្លួន​ប្រកាសឯករាជ្យ ផ្ដាច់ខ្លួនពី​អេស្ប៉ាញ ហើយមេដឹកនាំ​តំបន់ស្វយ័ត​នេះ លោក Carles Puigdemont បានប្រកាសថា ខ្លួននឹងប្រកាសឯករាជ្យនេះ។ លោក Puigdemont ក៏ត្រូវគេរំពឹងថា នឹងថ្លែងសារទៅ​កាន់សភាតំបន់​នៅថ្ងៃអង្គារ ម៉ោង១៨៖០០នាទី (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីតុលាការ​កំពូលអេស្ប៉ាញ ព្យួរសម័យ​ប្រជុំសភា​កាតាឡាន់ ដែលគ្រោងនឹង​ធ្វើឡើងនៅ​ថ្ងៃចន្ទនេះ៕