(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានីបាននិយាយថា ផលប្រយោជន៍ដែលអ៊ីរ៉ង់ទទួលបានពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក គឺមិនអាចផ្លាស់ប្ដូរបានឡើយ ហើយក៏គ្មាននរណាម្នាក់ រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចយកផលប្រយោជន៍ទំាងនោះត្រឡប់ទៅវិញបានដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

លោក រូហានី លើកឡើងបែបនេះ នាឱកាសថ្លែងសុន្ទកថាមួយទៅកាន់ក្រុមនិស្សិត នៅឯសាកលវិទ្យាល័យទីក្រុងតេហេរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ផលប្រយោជន៍ ដែលអ៊ីរ៉ង់ទទួលបានពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក គឺមិនអាចផ្លាស់ប្ដូរបានឡើយ...ហើយបើទោះជាមាន ដូណាល់ ត្រាំ ១០នាក់ លេចមុខលេចមាត់ នៅលើពិភពលោក ឬក៏ចង់យកប្រយោជន៍នេះត្រឡប់ទៅវិញ ក៏ពួកគេមិនអាចធ្វើបានទេ ព្រោះពួកគេនឹងបរាជ័យ។ ម្យ៉ាងវិញទៀត ខ្ញុំចង់ប្រាប់ថា យើងបានចុះកិច្ចព្រមព្រៀងជាមួយមហាអំណាច មិនគ្រាន់តែចង់បង្ហាញ ពីភាពខ្លាំងក្លាក្នុងសង្រ្គាមតែមួយមុខនោះទេ ប៉ុន្តែក៏ដើម្បីបង្ហាញភាពខ្លាំងក្នុងសន្តិភាពដែរ»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ហាសាន់ រូហានី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា លោក ដូណាល់ ត្រាំ អាចនឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ ជាផ្នែកមួយនៃការអនុវត្តន៍តាមពាក្យសន្យារបស់ខ្លួន នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦៕