(វ៉ាស៊ីនតោន)៖ គ្រួសារមួយនៃជនរងគ្រោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារដ៏រង្គាល ក្នុងទីក្រុងឡាស វេហ្គាស់ (Las Vegas) រដ្ឋ ណេវ៉ាដា (Nevada) កាលពីសប្ដាហ៍មុន បានស្នើឱ្យតុលាការបង្កើតគណៈកម្មាការពិសេស មួយដើម្បីត្រួតពិនិត្យ ឬរឹបអូសទ្រព្យសម្បត្តិរបស់ខ្មាន់កំាភ្លើងឈ្មោះស្ទេហ្វិន ផេកដក់ (Stephen Paddock)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។
លោក John Phippen អាយុ៥៦ឆ្នាំ មកពីទីក្រុង Santa Clarita នៃរដ្ឋ California បានចូលរួមទស្សនា ពិធីប្រគុំតន្ត្រីជាមួយកូនប្រុសលោក ឈ្មោះ Travis ជាគ្រូពេទ្យម្នាក់។ នៅពេល Travis ព្យាយាមជួយអ្នករងរបួសម្នាក់ លោក Phippen ក៏បានស្ថិតនៅជាមួយកូនប្រុស របស់ខ្លួនដែរ និងនៅពេលនោះហើយដែលលោកត្រូវបាញ់សម្លាប់។ នេះបើតាមសាក្សីម្នាក់ ឈ្មោះ Leah Nagiyvanyi។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មេធាវីរបស់លោក John Phippen បានសម្រេចិត្តដាក់ញត្តិមួយទៅកាន់តុលាការស្នើឱ្យបង្កើត គណៈកម្មាការមួយ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បតិ្តរបស់ខ្មាន់កាំភ្លើង ដែលនេះអាចនឹងបើកផ្លូវឱ្យមានការដាក់ ពាក្យបណ្ដឹងសម្រាប់គ្រួសារជនរងគ្រោះទាំងអស់។
គួររំលឹកថា កាលយប់ថ្ងៃអាទិត្យសប្ដាហ៍មុន ខ្មាន់កំាភ្លើង ស្ទេហ្វិន ផេកដក់ (Stephen Paddock) បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើហ្វូងមនុស្សយ៉ាងច្រើនកុះករជាង ២២,០០០នាក់ ដែលកំពុងចូលរួមក្នុងថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ប្រគុំតន្រ្តីកណ្តាលវាលដ៏ធំមួយចេញពីបន្ទប់ជាន់ទី ៣២ របស់លោកនៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ប៉ុន្តែ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់ថាខ្មាន់កាំភ្លើងរូបនេះ ដែលបានបាញ់រះសម្លាប់មនុស្សប្រមាណ ៥៩នាក់ និងបណ្តាលឲ្យរបួស ៥២៧នាក់ ពុំមានទំនាក់ទំនងអ្វី មួយជាមួយនិងក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះ បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី៕