(ប៉េកាំង)៖ ប្រទេសចិន នឹងក្លាយជាមូលដ្ឋានផលិតបន្ទះអេក្រង់តូច-ធំ ធំជាងគេបំផុតនៅលើពិភពលោកចាប់ពីដើមឆ្នាំ២០១៩តទៅ ប្រសិនបើខ្លួននៅតែអាចរក្សាសន្ទុះដ៏ខ្លាំងក្លា ដូចពេលបច្ចុប្បន្ននេះ ទៅមុខទៀត ដើម្បីទាញទម្លាក់កូរ៉េខាងត្បូង ដែលកំពុងគ្រងតំណែងលេខ១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
សម្រាប់ការវិនិយោគក្នុងសង្វាក់ផលិតកម្ម ដែលត្រូវបានសម្រេចរួចរាល់ និងកំពុងស្ថិតនៅក្នុងដំណើរការមានដូចជា អេក្រង់បង្ហាញរូបភាពសម្រាប់ ទូរទស្សន៍, កុំព្យូទ័រ, ស្មាតហ្វូន, និងគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទទៀត ដែលបានឈានដល់ទំហំទឹកប្រាក់ ៨០០ពាន់លានយ័ន ឬស្មើនឹង ១២០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងនោះគ្រាន់តែប្រភេទបន្ទះអេក្រង់ LCD ប៉ុណ្ណោះ គឺមានទំហំវិនិយោគដល់ទៅ ៥០០ពាន់លានយ័នទៅហើយ។
គួរបញ្ជាក់ថា សមាគមឧស្សាហកម្មវីដេអូ និងសមាគមអ្នកផលិតបន្ទះអុបទិក-អេឡិចត្រូនិកអុបទិក បានរំពឹងថា ប្រទេសចិននឹងអាចលោតរំលងកូរ៉េខាងត្បូង ក្លាយជាមូលដ្ឋានផលិតអេក្រង់ធំជាងគេបំផុតនៅទូទាំងពិភពលោក។ តាមពិតទៅការរីកចំរើននៃវិស័យផលិតអេក្រង់របស់ប្រទេសចិន គឺមានសន្ទុះខ្លាំង ជាមួយនឹងប្រាក់ចំណូលទទួលបានខ្ពស់ ប៉ុន្តែក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានធ្វើការនាំចូលអេក្រង់ OLED បច្ចេកវិទ្យាថ្មីពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារផងដែរ៕