(ប៊ីសកិក)៖ ឧបនាយករដ្ឋមន្ត្រី របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក តាមៀ ដាហ្ស៊ូម៉ាកាឌីរ៉ូវ (Temir Dzhumakadyrov) បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅក្នុងរដ្ឋធានី ប៊ីសកិក នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យរដ្ឋាភិបាល កៀហ្ស៊ីស៊ីស្ថាន បានប្រាប់ភ្នាក់ងារព័ត៌មានរុស្ស៊ីខាងលើនេះ យ៉ាងដូច្នេះថា «គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៣០នាទីព្រឹក នៅក្បែរភូមិ សាដូវ៉ូយេ នៃសង្កាត់ម៉ូស្គូ របស់រដ្ឋធានីប៊ីសកិកតែម្តង ដោយរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រីខាងលើនេះជិះ គឺជាប្រភេទ Toyota Land Cruiser»។
សម្រាប់នៅក្នុងរថយន្តនោះ គឺមិនមែនមានតែលោកឧបនាយករដ្ឋមន្ត្រីម្នាក់ឯងនោះឡើយ ពោលគឺវារួមមានទាំងតៃកុងឡានម្នាក់ និងជំនួយការរបស់លោកម្នាក់ទៀត ក៏បានបាត់បង់ជីវិតដូចគ្នា។ គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីវ័យ ៤០ឆ្នាំ លោក តាមៀ ដាហ្ស៊ូម៉ាកាឌីរ៉ូវ បានឡើងកាន់តំណែង នេះតាំងតែពីខែសីហា ឆ្នាំ២០១៦មកម្ល៉េះ។ សម្រាប់មូលហេតុដែលបានបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះឡើង នៅមិនទាន់មានការបញ្ជាក់នោះឡើយ៕